ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងកម្ពុជា និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញ៉ាប់ ព្រមទាំងបានពិភាក្សា អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ ក្នុងអំឡុង ពេលដែល លោកឯកអគ្គរដ្ឋទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេស នៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់ សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ លើសេចក្ដីថ្លែង ការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ច ពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែល បានបើកផ្លូវឱ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងរយៈពេល ២៧ឆ្នាំមកនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អរវាងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ នៅក្នុងជំនួប ទ្វេភាគីដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល កាលពីខែធ្នូ ឆ្នាំមុន ក៏ដូចជា ជំនួបពិភាក្សារវាង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Annalera Baerbock រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅអាល្លឺម៉ង់ ផងដែរ។
លោកឧបនាយករដ្ឋមន្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការ អភិវឌ្ឍរបស់កម្ពុជាលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ និងសុខាភិបាល ជាដើម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បាន កត់សម្គាល់ដោយក្តីរីករាយចំពោះការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងប្រទេសទាំងពីរ ដោយ គូសបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ឈរនៅលេខរៀងទីមួយក្នុងចំណោមបណ្តាប្រទេសក្នុងសហភាព អឺរ៉ុប និងបានបង្ហាញក្តីសង្ឃឹមចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរាប លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពីការ វិវត្តនៅក្នុងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ជាពិសេស ការត្រៀមរៀបចំរបស់កម្ពុជា និងរបស់ គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅ ដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចំបងបំផុត គឺសន្តិភាព ដែល កម្ពុជាត្រូវតែការពារ និងថែរក្សា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត Stefan Messerer ក៏ បានផ្លាស់ប្ដូរយោបល់លើការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ដោយក្នុង នោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតអំពីភាពស្មុគស្មាញនៃវិបត្តិ មីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលមករកភាពប្រក្រតីឡើង វិញ ។ លោកឯកអគ្គរដ្ឋទូត បានកើតសរសើរកម្ពុជាចំពោះ “សមិទ្ធផលការងារដ៏អស្ចារ្យ» ក្នុងឋានៈ ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យត្រចះត្រចង់៕
ដោយ : សុខ ខេមរា