ភ្នំពេញ ៖ ខណៈមេឃកំពុងតែភ្លៀង មាននារីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកMG មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតអស់ជាច្រើនម៉ែត្រ រីឯរថយន្តកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនេីបម៉ាកMG មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BP-8996 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយទំនងផ្លូវកោងផង និងមេឃកំពុងភ្លៀងផងក៏រេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតអស់ប្រហែល៤ម៉ែត្រ ចំណែករថយន្តកល់ជាប់លើទ្រូងផ្លូវរងការខូចខាត និងទៅមុខលែងរួច។
ក្រោយកើតហេតុ សន្តិសុខក្រុមហ៊ុនបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តបង្កចុះមកដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីក្រុមហ៊ុន ។ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងថ្លៃការខូចខាតទៅឲ្យខាងភាគីក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចក៏ហៅរថយន្តមកស្ទូចចេញពីទ្រូងផ្លូវ ហើយបើករថយន្តទាំងបែកកង់ខាងឆ្វេងបន្តដំណើរទៅមុខបាត់ទៅ៕
ដោយ៖ ភារ៉ាដង្កោ