លោក សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំ (២០២៣-២០២៧) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍បើកអង្គប្រជុំនាពេលនោះ លោក សក់ សេដ្ឋា មានប្រសាសន៍ថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ដោយមាននាយកដ្ឋានព័ត៌មានវិទ្យាជាសេនាធិការផ្ទាល់ ដែលបានរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល រយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃបានយ៉ាងល្អ។ លោកបានចាត់ទុកថា សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងដឹកនាំការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីត្រៀមខ្លួនឈានទៅរបត់ការងារកាន់តែទំនើប និងកាន់តែឆ្លាតវៃដូចទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាសកលលោក។

លោក រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ផ្អែកតាមការរីកចម្រើនលើវិទ្យាសាស្ដ្រ និងបច្ចេកទេសនាពេលបច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យាឌីជីថលព័ត៌មាន ក៏មានសន្ទុះរីកចម្រើនខ្លាំងក្លាផងដែរ ប៉ុន្តែទន្ទឹមនឹងនេះវាក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិផងដែរ។ លោកបន្ដថា យើងត្រូវតែពង្រឹងខ្លួនឯងលើវិស័យបច្ចេកវិទ្យាឌីជីថលព័ត៌មាននេះ ពីព្រោះបច្ចេកវិទ្យានេះក៏ជាកត្តាមួយក្នុងការប្រកួតប្រជែងរវាងបណ្តាប្រទេសជាច្រើននៅលើសកលលោកសម្រាប់ការអភិវឌ្ឍនានា ដែលចំណុចនេះក៏ជាផ្នែកមួយ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនផងដែរ។

នាឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធានលេខាធិការដ្ឋានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃរយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដែលបានលើកឡើងថា អនុវត្តតាមស្មារតីនៃកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លេខាធិការដ្ឋានបានកែសម្រួលពាក្យពេចន៍មួយចំនួន ដើម្បីឱ្យមានលក្ខណៈពេញលេញ និងស្របតាមខ្លឹមសារជាក់ស្តែង។ បន្ថែមពីនេះទៀត លេខាធិការដ្ឋានបានកែលម្អទម្រង់នៃផែនការយុទ្ធសាស្រ្ត ដោយបានរៀបចំជាយុទ្ធសាស្រ្ត យន្តការ ព្រមទាំងចង្កោមសកម្មភាពជាច្រើនសម្រាប់គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានដឹកនាំ និងផ្ដល់ធាតុចូលសំខាន់ៗ ក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំនេះ។
លោកក៏បានលើកឡើងបន្ថែមថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលឌីជីថល គឺជារបត់ដឹកនាំថ្មីមួយ និងជាបដិវត្តន៍ថ្មីមួយក្នុងក្របខណ្ឌសង្គមសម័យទំនើប ហើយនេះមិនមែនសម្រាប់តែកម្ពុជាមួយទេ តែគឺស្ថិតក្នុងក្របខណ្ឌតំបន់ និងពិភពលោកផងដែរ។ លោក រដ្ឋលេខាធិការប្រចាំការ ក៏បានបន្ថែមដែរថា បច្ចេកវិទ្យាឌីជីថលនេះ គឺពិតជាទូលំទូលាយណាស់ក្នុងការអនុវត្ត ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់នោះ លុះណាគ្រប់ក្រសួង ស្ថាប័នទាំងអស់មានយន្តការច្បាស់លាស់ក្នុងការសហការរួមគ្នា៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print