ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋាន ចុះអន្តរាគមន៍ និងបានឃាត់ខ្លួនបុរសម្នាក់ ដែលប្រេីហិង្សាវាយប្រពន្ធតាមដងផ្លូវ យកមកអធិការដ្ឋាននគរបាលក្រុង ដេីម្បីបន្តនីតិវិធីច្បាប់។
របាយការណ៍ដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ចេង ស្រីនាង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដេីរលក់ម្ជូរតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ស៊ន ទី ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ កាស៊ីណូ ទីហាវ ស្នាក់នៅអាគារបុគ្គលិក កាស៊ីណូទីហាវ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា មានករណីអំពេីហិង្សាមួយកេីតឡេីង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បង្កដោយជនសង្ស័យត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានវាយទៅលេីប្រពន្ធជាជនរងគ្រោះនៅតាមផ្លូវទីសាធាណៈ ស្ថិតនៅផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយទះកំភ្លៀងជនរងគ្រោះចំនួន០២ដៃ រួចចាប់បោកដួលលេីដី សង្កត់ក្បាលលេីដី និងទាញអាវ និងមានរបួសស្នាមលេីខ្នង ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ ចុះទៅឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី ៕ ដោយ៖សហការី