ខេត្តបាត់ដំបង៖ មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងលំនៅដ្ឋានម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១២ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីថ្ងៃទី១១ ខែមករាម្សិលមិញនេះ បានដឹកនាំកម្លាំងផ្នែកជំនាញបានចុះធ្វេីការស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ គង់ អួង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតសម្ភារៈរួមមាន៖
-ទូរស័ព្ទដៃម៉ាក iPhone XS Max ពណ៌ទឹកមាស ចំនួន០១គ្រឿង
-ម៉ូទ័កាត់កែង ម៉ាកម៉ាធិកពណ៌ក្រហមចំនួន០១គ្រឿង
-កំទិចម៉ូទ័ដុតរួច និងអេក្រង់ទូរស័ព្ទបែកខ្ទេច។
ដោយនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បី ធ្វេីការសាកសួរ ស្រាវជ្រាវ។
សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោងចន្លោះពី០២និង០០នាទី ដល់វេលាម៉ោង០៣និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ខែ មករាឆ្នាំ២០២៣ នៅចំណុចក្រុមទី៣៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច មានស្ថានទម្ងន់ទោស (ហែករបងដែកចូលលួចយកសម្ភារៈ) មួយកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមិនដឹងចំនួន បានធ្វើសកម្មភាពហែករបងដែកចូលលួចយកទ្រព្យសម្ភារៈរបស់ជនរងគ្រោះឈ្មោះ បែង រត្តនា ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅចំណុចកើតហេតុខាងលើ ដែលសម្ភារៈបាត់បង់រួមមាន៖
-ទូរស័ព្ទដៃម៉ាក iPhone XS Max ពណ៌ទឹកមាស ចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាក SamSung Note7ពណ៌ប្រផេះ ចំនួន០១គ្រឿង (ពុំមានស៊ីមកាត)
-ម៉ូទ័កាត់កែងម៉ាកម៉ាធិច ពណ៌ក្រហមចំនួន០១គ្រឿង
-ម៉ូទ័ស្វាន(ប្រើថ្មសាក)ពណ៌ខ្មៅ ចំនួន០១គ្រឿង
-ម៉ូទ័ស្វាន(ប្រើភ្លើងអគ្គីសនី)ពណ៌បៃតងចំនួន០២គ្រឿង
-ម៉ូទ័ឆាប ពណ៌បៃតង ចំនួន០១គ្រឿង។
ក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយពេលទទួលបណ្តឹងរួចសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានទៅឃាត់ខ្លួនតែម្តង។
ករណីនេះ នគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖អរុណរះ