ខេត្តកោះកុង៖ យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមត្ថកិច្ចប្រចាំបញ្ហា១១៧ កាលពីម្សិលមិញនេះ បានទទួលព័ត៌មានពីករណី “គំរាមសម្លាប់តាមឆាតទូរស័ព្ទ” ជនជាតិចិនឈ្មោះ យ៉ាវ ជានជីង ភេទប្រុស អាយុ ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់ ឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិចិន ដែលស្ថិតនៅភូមិនាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
របាយការណ៍ដដែលបន្តថា ក្រោយទទួលបានដំណឹងភ្លាម នៅវេលាម៉ោង ១០ និង៣៩នាទីថ្ងៃទី១៣ មករានេះ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ញា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក ឡុង សិរីវុធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងខេត្ត ដើម្បីអន្តរាគមន៍បន្ទាន់។
ជាក់ស្ដែងជាលទ្ធផល៖ ក្រោយបានទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ហាភ្លាម លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានចាត់ឱ្យកម្លាំងជំនាញកោះអញ្ជើញជនជាតិចិនឈ្មោះ វ៉ង សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មកសាកសួរដំណើររឿង ថាមានបុរសជនជាតិចិនឈ្មោះ យ៉ាវ ជានជីង អាយុ៤៥ឆ្នាំ បានឆាតខលតាមទូរស័ព្ទមកគម្រាមសម្លាប់គាត់ ។
គួរបញ្ជាក់ថា មូលហេតុ៖ គឺឈ្មោះយ៉ាវ ជានជីង ខឹងនឹងឈ្មោះ វ៉ង សៀង បានរាយការណ៍ ទៅក្រុមហ៊ុនលក់ទំនិញចិនថា ឈ្មោះយ៉ាវ ជានជីង យក ទំនិញមកមិនបានបង់ពន្ធ ធ្វើឱ្យក្រុមហ៊ុនចិនផាកពិន័យជាប្រាក់ ។
បច្ចុប្បន្នសមត្ថកិច្ចទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ដើម្បីឈានរកការចាប់ខ្លួនជនល្មើសតាមនីតិវិធី(ជនល្មើសកំពុងគេចខ្លួន) ។ ករណីនេះមជ្ឈមណ្ឌលប្រចាំបញ្ហាបានទទួលរបាយការណ៍ឆ្លើយតបពីប្រចាំបញ្ហានៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង នៅវេលាម៉ោង ១២ និង២៩នាទី នាថ្ងៃ-ខែ-ឆ្នាំដដែល ៕ដោយ៖សហការី