ភ្នំពេញ : ក្នុងឱកាសអបអរសាទរទិវាសប្បុរសធម៌លើកទី១២ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានយកឱកាសចូលរួមអបអរសាទខួប៦៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ដូចជាធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យលើសកម្មភាពការងារកន្លងមក ជាពិសេសនិស្សិតទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាសប្បុរសធម៌នេះឡើងជារៀងរាល់ឆ្នាំ ដែលសកម្មភាពទាំងអស់នេះពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានឡើយ។
ផ្សារភ្ជាប់ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍អំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តដែលជាថ្នាលបណ្ដុះចំណេះដឹងបន្ថែមលើចំណេះដឹងដែលមាននៅក្នុងសាលា ដោយ លោកបានលើកឡើងអំពីការចូលរួមក្នុងកម្មវិធីនានាដែលជាការផ្ដល់ឱកាសសម្រាប់ លោកផ្ទាល់ ក៏ដូចជាយុវជនផ្សេងទៀត ក្នុងការរៀនសូត្រពីថ្នាក់ដឹកនាំដទៃ។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ដែរថា «ការងារស្ម័គ្រចិត្តគឺជាផ្នែកមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំដែលទាមទារអោយមាននូវកិច្ចសហការគ្នាគ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាពទាំងអស់»ជាក់ស្ដែងកម្មវិធីព្រឹកនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីការសហការគ្នាបានយ៉ាងល្អរវាងក្លឹបយុវជនកាកបាទក្រហម និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ ជាចុងក្រោយលោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យបន្តចូលរួមការងារស្ម័គ្រគ្រប់ក្របខណ្ឌទាំងអស់ មិនថាការងារតូចក្ដី ធំក្ដី ទោះធ្វើក្នុងទម្រង់ណាក៏ដោយ ប៉ុន្តែក្រោមរូបភាព និងបង្កប់ទៅដោយអត្ថន័យអប់រំសម្រាប់មនុស្សគ្រប់គ្នា។
លោក ហ៊ុនម៉ានី បានលើកឡើងថា, ព្រឹកនេះឯកឧត្តមពូ ពិត ចំណាន បានលើកឡើងនូវសារមួយឃ្លា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា «ប្រឹងរៀន មានគុណធម៌ មានសីលធម៌ មានមនុស្សធម៌ មានវិន័យ និងមានស្មារតីទទួលខុសត្រូវ (Self-Discipline ឬ ស្វ័យវិន័យ)។»
សារមួយឃ្លាដ៏មានអត្ថន័យរបស់ឯកឧត្តមពូ ពិតជាមានគុណតម្លៃខ្ពស់ណាស់សម្រាប់ខ្ញុំផង សម្រាប់យុវជន យុវនារី សិស្ស និស្សិតគ្រប់ៗរូបដែលជាកោសិកាដ៏ចាំបាច់សម្រាប់អនាគតរបស់ប្រទេសជាតិ។ ធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពដែលខ្ញុំកំពុងតែឃើញទាំំងនេះ ជាសុទិដ្ឋិនិយម និងភាពជឿជាក់របស់ខ្ញុំចំពោះអនាគតកម្ពុជា។ «ស្វ័យវិន័យ» នេះខ្ញុំសុំបន្ថែមបានដែរថា កុំទាល់តែមានគេប្រាប់ថាខុស ត្រូវរៀនឈ្វេងយល់ដោយខ្លួនឯង ហើយកែប្រែកំហុស និងធ្វើឲ្យបានកាន់តែប្រសើរតាមដែលយើងអាចធ្វើបាន៕
ដោយ : សិលា