ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ដើម្បីចាត់តាំងភារកិច្ចឲ្យអនុវត្តទៅតាមជំនាញនីមួយៗ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅនាយកដ្ឋានកណ្តាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ។
ការចាប់ផ្តើមការធ្វើកោសល្យវិច្ច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវនិង ធ្វើកោសល្យវិច្ច័យលើស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ បានយកទៅថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ប្រជាពលរដ្ឋ និងជាពិសេសព្រះមហាក្សត្រ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជាលើកទី១ដើម្បីចាត់តាំងភារកិច្ចឲ្យអនុវត្តទៅតាមជំនាញនីមួយៗ។ បង្កើតក្រុម២១ក្រុមដែលជាក្រុមស្រង់បញ្ជី និងញត្តិ។ បង្កើតក្រុមជំនាញចំនួន៥ក្រុមមានតួនាទីធ្វើកោសល្យវិច្ច័យលើស្នាមក្រយៅដៃដែលក្រុមនេះ គឺពឹងផ្អែកទាំងស្រុងលើផ្នែកបច្ចេកទេសហើយក្រុមនេះទៀតសោតគឺសុទ្ធតែបានឆ្លងកាត់វគ្គសិក្សាឯកទេសរយៈពេលវែង។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តថា យើងនឹងដំណើរការជាក់ស្តែងផ្អែកទៅលើម៉ាស៊ីន ផ្អែកលើកែវ និងផ្អែកលើបច្ចេកទេស។ យើងនឹងធ្វើតាមនីតិវិធី និងបទពិសោធន៍ដែលបានធ្វើនាពេលកន្លងមក ហើយមួយផ្នែកទៀតយើងសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីធ្វើការប្រៀបធៀប។ នៅពេលដែលក្រុមរបស់យើងស្រង់រួចផ្តល់ជូនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយអគ្គនាយកដ្ឋាននេះនឹងផ្តល់ឲ្យយើងនូវបញ្ជីឈ្មោះ។ ម្យ៉ាងទៀតផ្នែកអត្តសញ្ញាណកម្ម គឺអាចជួយយើងបានមួយផ្នែកសម្រាប់តែអ្នកដែលបានធ្វើអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ អញ្ចឹងហើយអាចរកប្រជាពលរដ្ឋរស់នៅឃុំណា ភូមិណាបានតាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងពឹងពាក់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយរកឲ្យយើង រហូតឈានទៅដល់ការធ្វើប្រៀបធៀបស្នាមក្រយៅដៃទីបំផុតយើងអាចរាយការណ៍ឲ្យក្រសួងមហាផ្ទៃវិញថាស្នាមក្រយៅដៃ និងញត្តិទាំងអស់នោះវាយ៉ាងម៉េច។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃបេសកកម្មធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ត្រូវធ្វើក្នុងរយៈពេលរង្វង់៣០ថ្ងៃ។ យើងនឹងខិតខំប្រឹងប្រែងធ្វើរឿងនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឆ្លើយទៅនឹងសំណួរសួរថាយើងនឹងដាក់ទោសទណ្ឌយ៉ាងណាប្រសិនបើរកឃើញថាស្នាមមេដៃ និងញត្តិទាំងនោះមិនប្រក្រតី លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា មិនទាន់មានគោលការណ៍ដូច្នេះនៅឡើយនោះទេ យើងគ្រាន់តែពិនិត្យទៅលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ និយាយសរុបមកយើងធ្វើត្រឹមកិច្ចការពិនិត្យតែប៉ុណ្ណោះ។
ដោយឡែកសម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានមានប្រសាសន៍ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះថា យើងមិនទាន់ថាយ៉ាងម៉េចបាននោះទេ ទាល់តែមើលឲ្យច្បាស់លាស់ ធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ដើម្បីឲ្យដឹងថាតើវាមានភាពមិនប្រក្រតីនោះប៉ុន្មាន កន្លែងណាខ្លះ ហើយយើងនឹងធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ ៕
ដោយ៖ នគរបាលជាតិ