ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា គណបក្សប្រជាជនកម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានកិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះរបស់ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១១នាក់ស្រី៦នាក់ (មានគណបក្សភ្លើងទៀនចំនួន២នាក់ គណបក្សហ៊ុនស៊ីនបុិចចំនួន៤នាក់និងគណបក្សប្រជាជនចំនួន៥នាក់)ក្នុងភូមិទួល ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
លោកប្រធានគណបក្សប្រជាជនស្រុករមាសហែកបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្តស្វាយរៀង ដល់សមាជិកសមាជិកាគណបក្សដែលបានចូលរួមនាពេលនេះ។
លោកបានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកសមាជិកាគណបក្សទើបបានបញ្ចូលថ្មីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ និងបានចាត់ទុកថា កាយវិការនេះគឺបានបង្ហាញឱ្យឃើញពីការសាមគ្គីជាតិ និងការគាំទ្រនូវកម្មវិធីនយោបាយក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយពេលកន្លងមករហូតដល់បច្ចុប្បន្នបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជន ផងដែរ។
ក្នុងឱកាសនោះលោកបានផ្តាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សទាំងអស់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យល្អដែលជាកត្តាជ័យជម្នះសម្រាប់យើង និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឱ្យបាននូវភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច សំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានការជឿជាក់លើការដឹកនាំរបស់អាជ្ញាធរក្នុងមូលដ្ឋានតាមបណ្ដាឃុំទាំង១៦ក្នុងស្រុករមាសហែកផងដែរ។
បន្ទាប់មក លោកប្រធានគណបក្សប្រជាជនស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងបន្តនាំគ្នាមកចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ដើម្បីជារបស់កំដរដៃ លោកប្រធានគណបក្សប្រជាជនស្រុករមាសហែក ក៏បានផ្ដល់សារុងនិងថវិការមួយចំនួនដល់សមាជិកគណបក្សប្រជាជនដែលបញ្ចូលថ្មីក្នុងភាពស្និទ្ធស្នាលផងដែរ៕ ដោយ៖ សុថាន