សារព័ត៌មាន CNN បានផ្សាយថា កាំជ្រួចមីស៊ីលរុស្ស៊ីបានវាយប្រហារគ្រប់ទិសទីក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ១៤ ខែមករា ចាប់តាំងពីតំបន់ Lviv, Kharkiv, Zaporizhzhia និងDnipro រួមទាំងតំបន់ Myokaliv នៅភាគខាងត្បូងផងដែរ។ ក្រៅពីតំបន់ទាំងនោះ ក្នុងទីក្រុងកៀវក៏មានសំឡេងផ្ទុះយ៉ាងខ្លាំងជាច្រើនផងដែរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារនោះបណ្តាលឱ្យអគារកម្ពស់៩ជាន់ក្លាយទៅជាគំនរបាក់បែកក្នុងទីក្រុង Dnipro ។ ក្នុងពេលនេះដែររដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសថា មាន មនុស្ស១២នាក់ស្លាប់នៅទីក្រុង Dnipro ក្រោយការបាញ់ស្រោចមីស៉ីលរបស់រុស្ស៉ី កាលពីថ្ងៃទី១៤ខែមករា។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ប្រជាជនចំនួន៣៧នាក់ត្រូវបានជួយសង្រ្គោះចេញពីអគារខាងលើ ខណៈដែលមនុស្សសរុប៦៤នាក់បានរងរបួសបន្ថែមពីលើអ្នកដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ដោយឡែក ក៏មានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅទីក្រុងគ្រីវៀវរី (Kryviy Rih) ថែមទៀតផង ជាទីដែលលំនៅឋាន៦ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីកៀវ និងកន្លែងផ្សេងទៀតក៏បានរងការវាយប្រហារផងដែរ ដោយរដ្ឋមន្រ្តីថាមពលអ៊ុយក្រែនបានលើកឡើងថា ប៉ុន្មានថ្ងៃខាងមុខនឹងជាពេលដ៏លំបាកខ្លាំង ដោយសារតែការគំរាមកំហែង ចំពោះបណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹក និងកម្តៅ ខណៈដែលកំពុងស្ថិតក្នុងរដូវរងា។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងកៀវ បានចេញមុខថ្កោលទោសការវាយប្រហារកាលពីថ្ងៃសៅរ៍របស់រុស្ស៉ី ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនបានបន្តទទូចសុំជាថ្មីទៀតឱ្យក្រុមប្រទេសលោកខាងលិចផ្តល់សព្វាវុធបន្ថែម ដើម្បីជួយបញ្ចប់អំពើឃោរឃៅរបស់ទីក្រុងមូស្គូ៕ ដោយធីរីណា
រូបថត : Reuters