ខេត្តបន្ទាយមានជ័យ៖ ជីសញ្ញាក្បាលគោសនាំពីប្រទេសថៃខុសច្បាប់ ដឹកតាមរថយន្តយីឌុប១គ្រឿង ចេញពីច្រកតំបន់សំពៅលូន ខេត្តបាត់ដំបង និងដឹកតាមរថយន្តកាមរី១គ្រឿងទៀត ចេញពីច្រករបៀងធ្នង់គ្រប់គ្រងដោយយោធាវរៈ៥០៥ ចំណុះសឹករងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសរុប១៧១ការ៉ុង ស្មើនិងទម្ងន់ជាង៨តោន ត្រូវបានមន្រ្តីការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ធ្វើការបង្រ្កាបបានជាបន្តបន្ទាប់ ខណៈដែលរថយន្តទាំង២គ្រឿងបើកដឹកជីសញ្ញាក្បាលគោ ចេញពីច្រកព្រំដែនខាងលើឆ្លងកាត់ខេត្តបន្ទាយមានជ័យបម្រុងយកលក់ចែកចាយតាមដេប៉ូលក់សម្ភារៈកសិកម្មក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្ថរមានជ័យ។
មន្រ្តីជំនាញចេញបង្រ្កាបរថយន្តទាំង២គ្រឿងបានធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា រថយន្តយីឌុបដឹកចេញពីច្រកតំបន់សំពៅលូនដែលមានម្ចាស់ឈ្មោះអ៊ូ អ៊ុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មន្រ្តីជំនាញបង្រ្កាបនៅចំណុចកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីជំនាញឆែកឆេររកឃើញជីសញ្ញាក្បាលគោចំនួន១៣០ការ៉ុង ស្មើនិងជាង៦តោន ។មន្រ្តីជំនាញបង្រ្កាបរថយន្តកាមរីពីច្រករបៀងធ្នង់ដែលមានម្ចាស់ឈ្មោះ ប៉ឺយ ឆាយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំមួយកន្លែងជាប់ព្រំប្រទល់រវាងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិលខេត្តឧត្ថរមានជ័យ មន្រ្តីជំនាញឆែកឆេររកឃើញដកហូតបានជីសញ្ញាក្បាលគោចំនួន៤១ការ៉ុង ស្មើនិងទម្ងន់ជាង២តោន។
ការបណ្តែតបណ្តោយឱ្យមានការនាំចូលជីកសិកម្មខុសច្បាប់ខាងលើត្រូវគេមើលឃើញថា មន្រ្តីប្រចាំច្រកទាំងនោះកំពុងតែបំពានទៅនិងវិធានការនិងបទបញ្ជារបស់សម្តេចជោ សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពងខ្ពស់ បិទអង្គសន្និបាតប្រចាំឆ្នាំ២០១៦លើកទិសដៅការងារឆ្នាំ២០១៧របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទកាលពីកន្លងទៅថ្មីនេះៗសម្តេចបញ្ជាឱ្យក្រសួងកសិកម្មត្រូវពិនិត្យនិងពង្រឹងទប់ស្កាត់នៃការនាំចូលជីកសិកម្មនិងថ្នាំកសិកម្ម ខុសច្បាប់នាំពីបរទេសជិតខាងឱ្យមានប្រសិទ្ធភាព។ពីព្រោះជីនិងថ្នាំកសិកម្មទាំងនោះប្រឈមជីនិងថ្នាំក្លែងក្លាយបើសិនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់បង្កប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្មនិងគ្រោះមហន្តរាយផ្សេងៗទៀត។
សូមបញ្ជាក់ថាជីសញ្ញាក្បាលគោគឺមានតែក្រុមហ៊ុនលឹម ប៊ុនហេង ត្រេឌីង មួយប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូលផ្តាច់មុខស្របច្បាប់មានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវរដ្ឋ នៅលើសំបកការ៉ុងមានសរសរស្លាកសញ្ញាព័ត៌មានជាភាសារខ្មែរនិងមានការអនុញ្ញាតពីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ។ជីនិងថ្នាំកសិកម្មខុសច្បាប់ត្រូវគេមើលឃើញថាកំពុងតែចរាចរណ៍នៅខេត្តបន្ទាយមានជ័យនិងខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយចំនួនទៀត ដោយសារតែមន្រ្តីមាត់ច្រកមានការឃុបឃិតជាមួយឈ្មួញលួចឱ្យមានការនាំជីនិងកសិកម្មនោះឡើង ប្រើប្រាស់ក្រោមរូបភាពប្រជាកសិករទិញយកទៅប្រើប្រាស់ដាក់ស្រែ តែធាតុពិតគេប្រមូលទិញដឹកតាមរថយន្ត និងគោយន្តហើយយកមលក់ចែកចាយតាមដេប៉ូលក់សម្ភារៈកសិកម្ម ៕
ដោយ៖សំ វិច្ឆិកា