ខេត្តកំពង់ចាម៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាននាំយក អំណោយមនុស្សធម៌ ចែកជូនប្រជាពល រដ្ឋក្រីក្រ ខ្មែរឥស្លាម ចំនួន៤៣០ គ្រួសារ ស្ថិត នៅសហគមន៍ ភូមិទី១៣ ស្រុកកោះសុទិន កំពង់ចាម ដើម្បីត្រៀមចូលបួសរ៉ាម៉ាឌន ដែលជាខែដ៏ពិសិដ្ឋ របស់សាសនា ឥស្លាមទូទាំង សកលលោក (ឆ្នាំ១៤៣៧មូហាំម៉ាត់សគរាជ) ។ ពិធីនេះបានធ្វើឡើង នៅឯទីតាំងមជ្ឈមណ្ឌល TAHFIZ ANNUR ភូមិទី១៣ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី ០៦មិថុនា ឆ្នាំ២០១៦ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អំណោយដែល គណៈប្រតិភូយើងនាំយកមកចែកជូនបងប្អូន នៅសហគមន៍ នាពេលនេះ ជាអំណោយ របស់សប្បុរសជនម៉ាឡេស៊ី សហការជាមួយអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រួមសហការជាមួយ សាខាស្រុកកោះសុទិន ដែលរួមមាន ផ្ទាំងសូឡាចំនួន៦គ្រឿង (ភ្លើងប្រើពន្លឺព្រះអាទិត្យ) សម្រាប់វិហារចំនួន៦ ប្រព័ន្ឋឧឃោសនស័ព្ទ ៤ សម្រាប់វិហារចំនួន៤ ប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ម៉ាស៊ីនភ្លើង សម្រាប់សម្រាប់បំភ្លឺក្នុងភូមិចំនួន៦៩ មួយភូមិទទួលបាន៨០ លីត្រ និង អំណោយមនុស្សធម៏ជាកញ្ចប់ ចែក ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៤៣០ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ស្កសរ២គីឡូ, ទឹកដោះគោ២កំប៉ុង, ទឹកសឺរ៉ូ១ដប , សាគូ១គីឡូ, តែ២កញ្ចប់ ,ឧបត្ថម្ភថវិកាដល់វិហារចំនួន២៤ ក្នុងវិហារមួយទទួលបាន ១៥ ម៉ឺនរៀល សរុបថវិកាទាំងអស់ ដែលឧបត្ថម្ភនាពេលនេះស្មើនឹង ២៧,២៨៨,៥០០ រៀល។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ដោយគោលរព្ធតាម គោលនយោបាយ ដឹកនាំប្រទេសប្រកបដោយសន្តិភាព និង សេរីភាពលើជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយវិស័យនានា រួមទាំងវិស័យសាសនា មានការរីកចំរើន ឥតឈប់ឈរ ដោយមិនមានការខ្វែងគំនិត រឺការរំលោភសិទ្ឋ សេរីភាពទៅលើការ ប្រតិបត្តិវិន័យ របស់សាសនាណាមួយ ផ្ទុយទៅវិញសាសនិកទាំងអស់ រស់នៅប្រកបដោយ សុខដុមរមនីយកម្ម នៅក្រោមដំបូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកបន្តថា៖ ខែបួសរ៉ាម៉ាឌន ជាការ បង្ហាញវប្បធម៌សន្តិភាពមួយ ដ៏ប្រសើរសម្រាប់ សហគមន៍ឥស្លាម ព្រោះពិធីបួសរ៉ាម៉ាឌន គឺតម្រូវ អោយសាសនិកឥស្លាម ដែលពេញវ័យគ្រប់ស្រទាប់វណ្ណៈ ធ្វើការតមអាហារ រយៈពេលប្រមាណជា ១៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីបញ្ជាក់អំពីការរួមរស់ ស្មើសិទ្ឋិគ្នារវាងមនុស្ស គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែល មានជីវភាពធូរធារ អាចដឹងពីរស់ជាតិក្រលំបាក និងការអត់ឃ្លាន របស់ជនក្រីក្រ ដែលគេចាំបាច់ត្រូវបរិច្ចាគ ទ្រព្យសម្បត្តិរបស់ខ្លួន ជូនជនក្រីក្រទាំងឡាយ ។
បួសមិនមែនតែ ការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់ កាយវិការមិនសមរម្យ ការនិយាយស្តីបង្កប៉ះពាល់ដល់សិទ្ឋិ និង អារម្មណ៍អ្នកដទៃ ការបៀតបៀន រំលោភសិទ្ឋិ ការកេងប្រវ័ញ្ញ និង ប្រព្រឹត្ដិអំពើរអសិលធម៌ផ្សេងៗមកលើសិទ្ធិអ្នកដ៍ទៃឡើយ ៕
ដោយ៖ សំរិត