ភ្នំពេញ : នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣. កងកម្លាំងនគរបាលនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្ត ទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមជម្រាបជូនថា៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក) ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ។ ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី កំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។
ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ ឈ១ៗព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិ វិធី ។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ,ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ដោយ : សិលា