ភ្នំពេញ៖ អស់រយៈពេល១៦ឆ្នាំហើយដែលតារាកំប្លែងអ្នកស្រី អុន សុភឿន ហៅនាងគ្រត ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ទោះបីជាបច្ចុប្បន្នមានអ្នកប្រកបការងារជាតារាកំប្លែង និងច្រៀងរាំកាត់សក់ក្នុងពិធីមង្គលការក្តីក៏អ្នកស្រីនៅតែរក្សាបានទីផ្សារខ្ពស់មួយដដែល។
ចំណូលបានពីការច្រៀងរាំកាត់សក់របស់តារាកំប្លែងមួយចំនួនធំនៅកម្ពុជាគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ពួកគេ ព្រោះតែម្ចាស់ដើមការបានហ៊ានចំណាយប្រាក់ដ៏ក្រាស់ក្រែលដើម្បីបង្កបរិយាកាសពិធីមង្គលការរបស់ពួកគេកាន់តែសប្បាយរីករាយ និងអធិកអធម។
ការហក់ចូលវិស័យសិល្បៈតាមរយៈនាយកុយបានធ្វើឲ្យនាងគ្រតអាចស្វះស្វែងរកចំណូលមួយខ្ពស់បើធៀបនឹងសិល្បករដទៃ តាមរយៈការសម្តែងនៅលើឆាក ការច្រៀងរាំក្នុងពិធីកាត់សក់ ជប់លៀងនិងការសម្តែងខ្សែភាពយន្តជាដើម។ ក្រៅពីការងារសិល្បៈអ្នកស្រីក៏ជាមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តកណ្តាលផងដែរ។ អ្នកស្រីទទួលស្គាល់ថា បច្ចុប្បន្នមានសិល្បករកំប្លែងជាច្រើនកំពុងតែមានវត្តមានប្រកបរបរនេះពិសេសគឺក្នុងកម្មវិធីកាត់សក់បង្កក់សិរីដល់ស្វាមីភរិយាថ្មី។ ប្រជាប្រិយរបស់អ្នកស្រីហាក់មិនថមថយទៅតាមកម្លាំង និងវ័យនោះទេ។ អ្នកស្រីបញ្ជាក់ថា មូលហេតុសំខាន់នៃការមិនថមថយទំនុកចិត្តរបស់មហាជនព្រោះតែសមត្ថភាពនៃការសម្តែង និងឥរិយាបទនៃការប្រកបការងារ ទាំងអាកប្បកិរិយា ការនិយាយស្តីជាដើម។ អ្នកស្រីបញ្ជាក់ថា ការងារអ្នកស្រីនៅមិនស្រុតនោះទេដែលថ្ងៃខ្លះមានរហូតពី៣ទៅ៤រោង ដែលក្នុងមួយរដូវអ្នកស្រីអាចទទួលបានពីរទៅមួយរោង ក៏មាន ដែលក្នុងមួយរោងៗអ្នកស្រី ក្រុមភ្លេងប្រពៃណី និងដៃគូអាចទទួលបានប្រាក់កម្រៃពី៥០០ទៅជាង១០០០ដុល្លារសហរដ្ឋអាមេរិក ទៅតាមពេលវេលា និងទីកន្លែង។ ដៃគូសំខាន់ៗដែលអ្នកស្រីតែងច្រៀងរាំកាត់សក់ជាមួយមានដូចជា នាយកុយ នាយសានម៉ៅ នាយសង់ស៊ីស នាយសង់សេត ខាត់ ចំរើន នាយហុងដា។ ទន្ទឹមគ្នានេះអ្នកស្រីទទួលការរិះគន់ពីមហាជនថា មានសិល្បករមួយចំនួនប្រើប្រាស់ពាក្យអសុរសច្រើនក្នុងការបង្កការសប្បាយរបស់អ្នកទស្សនា ប៉ុន្តែសម្រាប់អ្នកស្រីមិននិយមប្រើប្រាស់វានោះទេ។ អ្នកស្រីថា សិល្បករខ្លះមិនមានបាតឬគ្រឹះសិល្បៈច្រើនដែលធ្វើឲ្យការសម្តែងរបស់គាត់ឆ្គង និងមិនត្រឹមត្រូវតាមទំនៀមទម្លាប់ ឬប្រើប្រាស់ពាក្យពេជន៍អសុរសមិនគប្បីច្រើន ដែលធ្វើឲ្យអ្នកដើមការខ្លះមិនពេញចិត្ត រហូតអ្នកម្ចាស់កម្មវិធីខ្លះខកចិត្តខ្លាំង។ អនុការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកមុខកំពូលរូបនេះបញ្ជាក់ថា ពេលខ្លះអ្នកស្រីពិតជាមានប្រើប្រាស់ភាសាមួយចំនួនប៉ុន្តែត្រូវចេះស្រាយមកវិញកុំជ្រៅជ្រុលហួសហេតុពេក ។ អ្នកស្រីបញ្ជាក់បន្តថា អ្នកស្រីនៅតែមិនមានការព្រួយបារម្ភនឹងការជ្រាតជ្រែកទីផ្សារ ពីសិល្បករដទៃទេព្រោះតែអ្នកម្ចាស់ដើមការ អ្នករៀបចំកម្មវិធីភាគច្រើនគេចូលចិត្តនឹងការសម្តែងរបស់អ្នកស្រីដែលមិនអន់ មិនជ្រុលហួសហេតុ មានក្បួនខ្នាតត្រឹមត្រូវ។
អ្នកស្រីរំពឹងដែរថាទីផ្សារការងារសិល្បៈទាំងអស់របស់អ្នកស្រីនឹងនៅតែបន្តរក្សាបានដដែល។ អ្នកស្រីក៏ស្នើដល់សិល្បករសិល្បការិនីថ្មីៗដែលទើបនឹងប្រឡូកក្នុងអាជីពសិល្បៈកំប្លែង និងច្រៀងរាំកាត់សក់ព្យាយាមស្វែងយល់ឲ្យកាន់តែច្រើនពីសិល្បៈប្រពៃណីខ្មែរ និងបន្តចូលរួមថែរក្សាអភិរក្សឲ្យស្ថិតស្ថេរដើម្បីកូនចៅជំនាន់ក្រោយ៕
ដោយ៖ វឌ្ឍនា