ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសៀមប៉ាង បានផ្តើមសាង សង់រង្វង់មូលថ្មី នៅទីទួលខ្ពស់ក្នុងភូមិផាបាំង ឃុំថ្មកែវ ដើម្បីពង្រីកទីរួមស្រុកឱ្យធំទូលាយជាងមុន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋមានដីកម្មសិទ្ធនៅតំបន់នោះបានសាងសង់គេហដ្ឋានថ្មី ក្នុងពេលដែលពួកគាត់ត្រូវចាកចេញពីលំនៅឋានចាស់ជួរមាត់ទន្លេ មករស់នៅទីតាំងថ្មីជាតំបន់មានសុវត្ថិភាព។
លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បញ្ជាក់ថា អាជ្ញាធរមិនចង់ឃើញគ្រោះធម្មជាតិដោយសារច្រាំង ទន្លេសេកុងបាក់ នៅខែវស្សាទាញយកផ្ទះប្រជាពលរដ្ឋកំពុងរស់នៅនោះទេ ទើបអាជ្ញាធរស្រុកសហការគ្នាអភិវឌ្ឍទីតាំងថ្មីសម្រាប់ផ្តល់អទិភាពជូនបងប្អូនយើងបានមកសាងសង់លំនៅដ្ឋានទីតាំងថ្មីដើម្បីស្នាក់នៅចៀសផុតពីហានិភ័យផ្សេងៗ។
លោកបន្តថា នៅឆ្នាំ២០២៣នេះ នឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀត ទៅតាមផែនការដែលបានគ្រោងទុក ព្រោះបច្ចុប្បន្នយើងអនុវត្តសម្រេចបានសមិទ្ធផលរួមមានខ្សែផ្លូវបណ្តោយចំនួន ២៦ខ្សែ និងខ្សែផ្លូវទទឹងចំនួន ២៨ខ្សែ និងបានដាក់បង្គោលភ្លើង
សឡាបំភ្លឺតាមដងផ្លូវបានជាង ១០០បង្គោល។ បច្ចុប្បន្នមានប្រជាពលរដ្ឋមករស់នៅបានជាង ២០%ហើយ ក្នុង ចំណោមអ្នកដែលត្រូវចេញពីជួរមាត់ទន្លេ ប្រមាណជិត ៣០០គ្រួសារនោះ។
លោកស្រី ម៉ី ដានី នៅភូមិសៀមប៉ាង បានគាំទ្រដល់យន្តការដោះស្រាយនេះព្រោះពេលបានទៅនៅទីតាំងថ្មីការរស់នៅមានសុខសុវត្ថិភាពគ្រប់យ៉ាង ហើយបងប្អូនយើងបាននៅជួបជុំគ្នាបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឱ្យមានភូមិថ្មីមួយនៅក្នុងទីរួមស្រុក ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង បានចាត់ទុកថា ភាពរីកចម្រើមួយថ្មីនេះពិតជាកើតចេញពីអាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង បានរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។
សូមបញ្ចាក់ថា ស្រុកសៀមប៉ាង ស្ថិនក្នុងចំណោមស្រុកចំនួន៤ ដែលមានចម្ងាយឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ជាង ១០០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឱ្យរៀបចំអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមស្រុក ក្នុងពេលដែលផ្លូវខ្សែក្រវ៉ាត់ព្រំដែនបានសាងសង់ហើយនោះ៕ ដោយ៖ សូរិយា