ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន កម្ពុជា និងជប៉ុន នឹងពង្រឹង និងពង្រីកទំនាក់ទំនង
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវសេចក្ដីពេញចិត្តចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ី ជម្រៅទំនាក់ទំនង នៅក្នុងអំឡុងពេលដែល លោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយក្តីសោមន្សរីករាយអំពីការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នានា នៅក្នុងឆ្នាំ២០២២ រួមមាន ទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី FUMIO Kishida សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីការបរទេស HAYASHI Yoshimasa លោករដ្ឋមន្ត្រីការពារជាតិ KISHI Nobuo និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាព និងកិច្ចសហ- ប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចំរើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តី ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការស្ដារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិត ដល់កម្រិតមុនពេលមានវិបត្តិជំងឺកូរីដ-១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធាដែល ត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុននៅលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការដំឡើងទំនាក់ទំនង ទ្វេភាគី ពី “ភាពជាដៃគូយុទ្ធសាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះជំនួយ អភិវឌ្ឍន៍ផ្លូវការដែលបានផ្តល់មកកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការចូលរួមចំណែក របស់ប្រទេសជប៉ុនក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង ចំនួន ១,៣ លានដូស ព្រមទាំងឥណទានសម្បទានចំនួន ៤១៦ លានដុល្លារអាមេរិក សម្រាប់ការស្ដារ ឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា និងសម្ភារៈវេជ្ជសាស្ត្រ ដទៃទៀត។ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការឆ្លើយតបភ្លាមៗរបស់ប្រទេសជប៉ុនក្នុងការគាំទ ដល់គោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូតជប៉ុន បានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ ជាដើម។ លោក ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន ក៏បានចែករំលែកយោបល់ក្នុងការជំរុញការចាប់ផ្ដើម ឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍។
ទាំង លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានពិភាក្សាគ្នាអំពីការរៀបចំសម្រាប់ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែល ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោករដ្ឋមន្ត្រីការបរទេស ជប៉ុន HAYASHI Yoshimasa បន្ទាប់មកអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចផ្លូវការរៀបចំដោយ សមភាគីជប៉ុនរបស់លោក។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ រៀបចំឡើងនៅក្នុងស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត UENO Atsushi ក៏បានផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ អំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលលោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការកោតសរសើររបស់ជប៉ុនចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការ ជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណប្រទេសជប៉ុន សម្រាប់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ផងដែរ៕
ដោយ : សិលា