ភ្នំពេញ ៖ មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពង់ជាប់ពន្ធនាគារ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៩មករា ឆ្នាំ២០២៣នេះ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក ។
នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំរឿងឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមេតុងទីនអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥០០០ដុល្លារអាមេរិក។
អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃមក លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។
តាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថាឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦៥ ០០០ដុល្លារអាមេរិក។
ដោយពាក្យបណ្តឹងទី១-នាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឱ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឱ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័យបានអះអាងថា ខ្ចីមិនដល់មួយខែទេនឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ហើយឥឡូវនេះមានបណ្ដឹងថ្មីមួយទៀតដែលប្ដឹងដោយស្ត្រីឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនឹងបទឆបោកដដែល៕
ដោយ៖ រ៉ារ៉ា