ភ្នំពេញ : បន្ទាប់ពីមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រផ្សេងៗ បានចុះផ្សាយ និងបង្ហោះ ចោទប្រកាន់ថា, ឈ្មោះ ឃីន ឈ្មោះមេគយ១រូប និងឈ្មោះ អ៊ុង សុភា រកស៊ីរត់ពន្ធទូរស័ព្ទទំនើបៗ នោះ ។ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភា ជានាយទាហាន១រូប បានសំដែងនូវការហួសចិត្ត ចាត់ទុកថា, ជាព័ត៌មានមិនពិត ធ្វើអោយប៉ះពាល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គាត់ យ៉ាងធ្ងន់ធ្ងរ ហើយលោកសូមធ្វើការច្រានចោលទាំងស្រុង ក្នុងនោះលោកក៏ត្រៀម ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ប្រសិនបើ ការចោទប្រកាន់នេះនៅបន្តប្រព្រឹត្ត ប៉ះពាល់កិត្តិយសលោក ។
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភា បានលើកឡើងថា, កុំថាឡើយដល់លោក ជាអ្នករត់ពន្ធទូរស័ព្ទដៃ សូម្បីតែឈ្មោះទូរស័ព្ទ ការប្រើទូរស័ព្ទទំនើបក៏លោកមិនស្គាល់ ពីតម្លៃបែបណាផង ហេតុអីដល់មានគេបង្កើតនូវព័ត៌មានមិនពិត ចាត់ទុកលោកជាផ្ទាំងសុីប ហ៊ានទាំងបង្កើតព័ត៌មានក្លែងក្លាយថាលោក រត់ពន្ធទូរស័ព្ទ ហើយចោទថាបន្តនាំទៅប្រទេសវៀតណាមតាមច្រកមួយចំនួន ខណៈលោកមិនដែលនឹងស្គាល់ច្រកទាំងនោះទៅវិញ ។ ម្យ៉ាងវិញទៀត លោកមមាញឹកណាស់ នឹងការងារអង្គភាព រហូតដល់ថ្នាក់រកពេលវេលា ដើម្បីនាំគ្រួសារទៅពិនិត្យព្យាបាលជំងឺសឹងមិនបាន មានហេតុផលអីបានជាផ្សាយព័ត៌មានបែបនេះ ! ។
សូមបញ្ជាក់ថា, មានគេហទំព័រខ្លះ និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះថា, គាត់បាននាំចូលទូរស័ព្ទម៉ាក iphone12, iPhone13, iphone 14,និងទូរស័ព្ទម៉ាក Vertu តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ ផ្ទុយទៅវិញ លោកចាត់ទុកថា, ការផ្សព្វផ្សាយនេះ ហាក់មានចេតនា ធ្វើអោយប៉ះពាល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ មកលើរូបលោកយ៉ាងធ្ងន់ធ្ងរ ដែលលោកមិនអាចទទួលយកបាន ហើយព័ត៌មានមិនពិតនេះ បែជាចែកចាយចម្លងតគ្នា សុទ្ធតែជាការបំផ្លើស ដោយគ្មានមូលដ្ឋានជាក់លាក់ ក្នុងនោះប៉ះពាល់ដល់ សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ គយនិងរដ្ឋាករថែមទៀត។
ដោយឡែក លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, សម័យនេះទៅហើយ អ្នកណាដល់ថ្នាក់ថ្លើមធំ អនុញ្ញាតអោយមានអំពើរត់ពន្ធទូរស័ព្ទ ឬទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ! បើបញ្ហាទូរស័ព្ទដៃវិញ សូម្បីតែក្រុមហ៊ុនយន្តហោះ គេមានគោលការណ៍គេច្បាស់លាស់ណាស់ គឺមិនមានការដឹកជញ្ជូនទូរស័ព្ទ ដែលមានថ្ម(ឆ្នាំងសាក) ឬទូរស័ព្ទទំនើបដែលប្រើប្រាស់រួចខ្លះ នាំចូលបានទេ ខណៈគេគិតពីបញ្ហាថ្មសាក មានហានិភ័យខ្ពស់ចំពោះយន្តហោះ ដូច្នេះក្រុមហ៊ុនយន្តហោះ មានគោលការណ៍ហាមឃាត់ តឹងតែងបំផុត ។ លោកបន្តថា, គ្មានការនាំចូលទូរស័ព្ទដូចការផ្សព្វផ្សាយនោះទេ បើមាន គឺមានមែន ទូរស័ព្ទដែលភ្ញៀវជាតិ អន្តរជាតិ កាន់មកតាមខ្លួន បន្ទាប់ពីមានការត្រួតពិនិត្យដោយស្ថាប័ន សមត្ថកិច្ច នៅអាកាសយានដ្ឋានពីប្រទេសនីមួយៗ ហើយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់កម្ពុជាយើង ក៏ចាំបាច់ត្រួតពិនិត្យបញ្ហារឿងទូរស័ព្ទ ឆ្នាំងសាក នាំតាមខ្លួន ពេលរៀបចេញដំណើរទៅក្រៅប្រទេសផងដែរ។
លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តថា, បើឈ្មោះ អ៊ុង សុភា , ឈ្មោះ ឃីន និងឈ្មោះមេគយណាដែលគេ បង្ហោះថា, រត់ពន្ធទូរស័ព្ទតាមច្រកលោកគ្រប់គ្រង មិនត្រឹមតែមិនមានប៉ុណ្ណោះទេ សូម្បីតែឈ្មោះក៏លោក មិនដែលស្គាល់ផង ។
លោកឧត្តមសេនីយ៍ អ៊ុង សុភា បានបញ្ជាក់ថា, ការផ្សព្វផ្សាយតាមគេហទំព័រ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ះពាល់រូបលោក នឹងឈ្មោះខាងលើ គឺជាព័ត៌មានមិនពិត លោកក៏បដិសេធ និងច្រានចោលទាំងស្រុង សូមអោយសាធារណជន អ្នកនិយមលេងតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អ្នកផ្សព្វផ្សាយតាមគេហទំព័រ តាមប្រព័ន្ធ អនឡាញ មេត្តាជ្រាបជាព័ត៌មាន ខណៈមនុស្សម្នាក់ៗ តែងស្រឡាញ់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដូចៗគ្នា៕
ដោយ : សិលា