ខេត្តមណ្ឌលគិរី៖ ឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម យើងកត់សម្គាល់ឃើញថា មានអ្នកទេសចរជាច្រើនបានចូលមកខេត្តមណ្ឌលគិរី ដើម្បីដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា។
យោងតាមទិដ្ឋភាពជាក់ស្ដែង អ្នកទេសចរបានទៅលេងនៅតាមគោលដៅផ្សេងៗគ្នា មានដូចជាភ្នំដោះក្រមុំ ថតរូបអនុស្សាវរីយ៍នៅចំណុចរង្វង់មូលគោព្រៃ ទៅកម្សាន្តនៅសមុទ្រឈើ ហើយនៅតាមរមណីយដ្ឋានទេសចរណ៍នានាទៀត ក៏មានអ្នកទេសចរ បានទៅដល់គ្រប់កន្លែងផងដែរ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា គិតរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខេត្តមណ្ឌលគិរី មានអ្នកទេសចរសរុប ១៤,៣៥៦នាក់ ថយចុះ ១០,០៨% ប្រៀបធៀបឆ្នាំ២០២២ មានចំនួន១៥,៩៦៧នាក់ ក្នុងនោះទេសចរជាតិប្រមាណ ១៤,១៣៩នាក់ ថយចុះ ១០,៣០% ទេសចរបរទេសប្រមាណ ២១៧នាក់ កើន ៦,៨៩% ចំណែកសន្តិសុខសណ្ដាប់ធ្នាប់គឺមានភាពល្អប្រសើរទាំងអស់ ។
គួរបញ្ជាក់ដែរថា សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី ចុងខែមករានេះ ពិតជាមានភាពល្អប្រសើរ និងប្លែក ត្រង់ថាជាទូទៅនៅចុងខែមករា ឱកាសធាតុបានប្រែមកជាធម្មតា មិនត្រជាក់នោះទេ ប៉ុន្តែនៅឆ្នាំនេះអាកាសត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរីនៅឡើយ ដែលបរិយាកាសបែបនេះគឺអ្នកទេសចរភាគច្រើនចូលចិត្តបំផុត៕ ដោយ៖ សូរិយា