ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីទីភ្នាក់ងារAKP នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានចុះផ្សាយថា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដោយប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជា ជាប្រទេសដែលបានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។
នៅក្នុង Channel Telegram ដែលមានឈ្មោះថា «Demografiya upala» បានផ្សាយនៅឈ្មោះប្រទេសដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប្រទេសអព្យាក្រឹត្យ និងប្រទេសដែលគាំទ្រប្រទេសរុស្ស៊ី ដោយក្នុងនោះប្រទេសកម្ពុជា គឺជាប្រទេសដែលត្រូវបាន Channel Telegram នេះ ផ្សាយថាស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។
ក្រសួងការបរទេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា គឺក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកIchitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធានអង្គការJICA-TOKYO និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន៕ដោយ៖សហការី