ខេត្តតាកែវ៖ បន្ទាប់ពីផ្ទុះករណីប្រើអំពើហិង្សាដោយ ចេតនា រវាងព្រះសង្ឃនិងព្រះសង្ឃដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងវត្តទ្រព្យគរស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្ត តាកែវ។
លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តតាកែវ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន ឱ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថា ក្រោយពេលកើតហេតុភ្លាមៗ មន្រ្តីសង្ឃសហការជាមួយអាជ្ញាធរមូលដ្ឋាន គឺបានចាប់តេជគុណផ្សឹករួចរាល់ហើយ ប៉ុន្តែសំណុំរឿងមិន ទាន់បញ្ចប់ទេ គឺខាងសមត្ថកិច្ចជាអ្នកបន្តនីតិវិធី ករណីប្រើប្រាស់អំពើហិង្សានេះ ។
ចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់នៅរសៀល ២៦ខែមករាឆ្នាំ២០២៣ដែរថា ករណីប្រើអំពើហិង្សាដោយចេតនា ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ នួន ឆានី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរព្រះសង្ឃ (គ្រូសូត្រឆ្វេង) ស្នាក់នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ដែលបានធ្វើសកម្មភាពយកចានបាយទាប ធ្វើអំពីថ្ម វាយនិងគប់ទៅលើព្រះកេសរបស់សាមណេរព្រះនាម ពេជ្រ សាវុធ ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅក្នុងវត្តទ្រព្យគរ ភូមិត្រកៀត ឃុំត្រពាំង សាប ស្រុកបាទីបណ្ដាលឲរងរបួសត្រង់ព្រះកេសចំនួន ៣កន្លែង ចំហៀងខាងឆ្វេងប្រវែង ៤សង់ទីម៉ែត្រដេរចំនួន៣ថ្នេរ របួសត្រង់ព្រះកេសពីលើប្រវែង ៥សង់ទី ម៉ែត្រ ដេរចំនួន ៣ថ្នេរ និងរងរបួសត្រង់លើចិញ្ចើម ចំហៀងខាងឆ្វេងប្រវែង ១សង់ទីម៉ែត្រ ដេរចំនួន ១ថ្នេរ ។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់អំពីមូលហេតុទំនាស់ពាក្យសម្ដី ទើបបង្កអោយមានករណីហិង្សានេះកើតឡើង ។
អធិការនគរបាលស្រុកបាទីបន្តថា បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកអធិការ ដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការបន្តតាមនីតិវិធីនៅតុលាការ ៕