សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគ

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវិនិយោគនេះ គឺយើងត្រូវតែពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រប់ទិដ្ឋភាពទាំងអស់ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បញ្ហាធនធានមនុស្សគឺជាបញ្ហាសំខាន់បំផុត ហើយថវិកាឆ្នាំ២០២៣ គឺសម្រាប់បម្រើដល់មនុស្សផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតនៅធនធានមនុស្ស។ សម្តេចតេជោថ្លែងថា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់ ដូច្នេះ សម្តេចតេជោបានថ្លែងថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយកើតមានទៀតនោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិតនៅឡើយ។ ធនធានមនុស្សនៅកម្ពុជា បរិមាណមានហើយ តែគុណភាពនៅមានកម្រិតនៅឡើយ។សម្តេចជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាលជាបន្តទៀត។ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពនាពេលខាងមុខ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print