ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់បានចូលទៅផ្សារទំនើបឡាក់គីហើយធ្វើសកម្មភាពលួចយកគ្រឿងឧបភោគបរិភោគក្នុងផ្សារត្រូវបានបុគ្គលិកផ្សារនិងសន្តិសុខឃើញចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ច កាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្សារឡាក់គីភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីខាងលើនេះឈ្មោះ សៀវ មីុ អាយុ៥៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ចំណែកដើមបណ្តឹងឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកផ្សារទំនើបឡាក់គី ស្នាក់នៅផ្ទះអត់លេខផ្លូវលំ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។
ប្រភពពីបុគ្គលិកផ្សារខាងលើបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុឃើញស្ត្រីខាងលើបានដើរចូលក្នុងផ្សារនិងបានដើរមើលត្រីសាច់ក្រោយមកបានធ្វើសកម្មភាពលួចយកប្រហិតត្រីលាក់ទុកជាប់ខ្លួនពេលនោះបុគ្គលិកផ្សារឃើញក៏តាមឃ្លាំមើលរហូតដល់ច្រកចេញក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប់ចោទបានសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពលួចសម្ភារទាំងនេះពិតមែនដោយសារតែគាត់មិនមានលុយនិងជីវភាពក្រីក្រពេក។
សមត្ថកិច្ចបានប្រាប់ថាគ្រឿងឧបភោគដែលស្ត្រីខាងលើលួចនោះរួមមាន: ប្រហិតត្រី៦កញ្ចប់ -ចំណីសត្វ៥កញ្ចប់ -ត្រីសាមុន២ចាន -ទឹកត្រជៀកកាំ១ប្រអប់។
បច្ចុប្បន្នស្ត្រីខាងលើត្រូវបានកសាងសំណុំរឿងបន្តទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕
ដោយ៖ តុង សីហា