ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងសិរីសោភ័ណ បានបញ្ជូនតាចំណាស់វ័យ ៧៧ឆ្នាំម្នាក់ ទៅតុលាការកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅជិតខាងគ្នាក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុំ រឿន ភេទប្រុសអាយុ៧៧ឆ្នាំ រស់នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណយកមកសួរនាំ។
តាមការបំភ្លឺរបស់ស្ត្រីម្នាក់ឈ្មោះ ឆន និញ ភេទស្រី អាយុ ៥១ឆ្នាំ ដែលបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ថា កាលពីវេលាម៉ោង ១០និង០០នាទី ក្មួយស្រីគាត់បានប្រាប់ថា តា រឿន ចាប់ចូលក្នុងព្រៃក្បែរវត្តម្កាក់ និងបានសម្រាតខោអាវចាប់រំលោភ តែសំណាងល្អដែលគាត់ទៅទាន់និងបានស្រែកឱ្យគេឯងជួយ និងបាននាំក្មួយទៅប្តឹងមេភូមិនិងនគរបាលឱ្យជួយធ្វើអន្តរាគមន៍។
យោងតាមការរៀបរាប់របស់កុមារីរងគ្រោះ បានបញ្ជាក់ថាៈកាលពីថ្ងៃទី២៦/០១/២០២៣នៅវេលាម៉ោង០១និង០០នាទី នាងខ្ញុំបានចេញពីរៀន តារឿនបានហៅខ្ញុំអោយឈប់ តែនាងខ្ញុំមិនឈប់។ តារឿនបានស្រែករួចរត់មកទាញខ្ញុំបណ្ដាលអោយកង់នាងខ្ញុំដួល។ បន្ទាប់មកគាត់បាននាំនាងខ្ញុំទៅក្នុងព្រៃដុបខាងលិចវត្តម្កាក់ ថាអោយលុយនាងខ្ញុំ។ បន្ទាប់មកគាត់បានរុញនាងខ្ញុំអោយដួល រួចចាប់ស្រាតសំពត់នាងខ្ញុំ ហើយចាប់ផ្តើមរំលោភនាងខ្ញុំ តែភ្លាមៗនោះត្រូវបានអ៊ំស្រីខ្ញុំមកទាន់ ទើបគាត់ធ្វើអ្វីខ្ញុំមិនបានសម្រេច។
តាមការរៀបរាប់ខាងលើជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ ដោយវណ្ណា