ខេត្តកំពង់ចាម: រថយន្តប្រភេទសាំយ៉ុងដឹកឈើយ៉ាងសកម្ម បុណ្យមិនជួយទេវតាមានភ្នែក អ្នកតាម្ចាស់ព្រៃឈើខឹងសម្បា ច្រានទម្លាក់ធ្លាក់ចូលប្រឡាយទឹក តែ សំណាងហើយដែលលមនុស្សមិនអី នេះទុកជាការព្រមាន ធ្វើឱ្យធ្លាយចេញឈើអណ្តែតពេញទឹក ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះមកមើល ឃើញឡាននិងឈើតែមនុស្សជាអ្នកប្រព្រឹត្តដឹងខ្លួនរត់គេចបាត់ស្រមោលមុនពេលសមត្ថកិច្ចនិងមន្ត្រីជំនាញមកដល់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ៈ១៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចស្ពានកំពុងជួសជុល ស្ថិតក្នុងភូមិព្រែកតានុង ឃុំព្រែកតានុង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមប្រភពឱ្យដឹងនៅកន្លែងកើតហេតុបាននិយាយថា: គេបានឃើញរថយន្តសាំយ៉ុងពណ៌សមួយគ្រឿង ពាក់ស្លាកលេខ2A-0819 បើកបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវវាងចុះចំណោតផង ហើយឡើងទួលរាង្គខ្ពស់ផង និងដោយរថយន្តដឹកផ្ទុកបទល្មើសផលអនុផលព្រៃឈើលើសចំណុះផង ទើបធ្វើឱ្យរថយន្តឡើងទៅមុខមិនរូច រអិលថយក្រោយមកវិញបណ្តាលឱ្យក្រឡាប់ ធ្លាក់ចូលទឹកចេញឈើអណ្តែតពេញទឹកតែម្តង បណ្តាលឱ្យអ្នកបើកបរពីរនាក់នឹងព្រូរងរបួសស្រាល រួចបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោលទៅ បន្សល់តែ
រថយន្តនិងឈើនៅកន្លែងកើតហេតុ។
សូមរំលឹកថា: រថយន្តខាងខាងលើដែលមានគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងនោះ គេនៅពុំទាន់ដឹងថាម្ចាស់ជាមេឈ្មួញឈើល្មើលច្បាប់នេះជាអ្នកណានៅឡើយនោះទេ។ តែគេតែងតែឃើញរថយន្តខាងលើនេះ បើកបរក្នុងស្ថានភាពធ្ងន់គ្មានមនុស្សជិះ ទើបគេសង្ស័យថាប្រហែលជាដឹកជញ្ជូនផលអនុផលព្រៃឈើហើយ ទើបគេឃើញសកម្មភាពយ៉ាងសកម្មបែបនេះ។ តែគេពុំដែលឃើញមានសមត្ថកិច្ចឬមន្ត្រីជំនាញណាបង្ក្រាបឡើយ គឺទើបតែមកដល់ពេលមានគ្រោះថ្នាក់ចរាចរណ៍ ទើបគេដឹងថារថយន្តខាងលើនេះជារថយន្តដឹកឈើប្រណីត ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងមន្ត្រីជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានប្រមូលឈើដែលអណ្តែតពេញទឹក និងរថយន្តយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកតានុង រង់ចាំម្ចាស់មកដោះស្រាយ ដើម្បីបន្តនីតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ៕
ដោយ: មាស សុផាត