ភ្នំពេញ : ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។
១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?
តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោម៖
– ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់
– ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន
– ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ
– ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម
– ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ
– មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែរតម្រូវឆ្អឹងថ្គាម
– ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក
– ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ
+ មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល
+ មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ
+ មុនពេលព្យាបាលដោយថ្នាំគីមី
+ មុនពេលការព្យាបាលដោយថ្នាំ Biphosphonate
២) តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការវះកាត់ថ្គាមទាល់អោយមានសុវត្ថិភាព?
ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ
– ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
– ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ
– ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ
– ការពិនិត្យក្នុងមាត់
– ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ
– បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ
– ការប្រើប្រាស់ថ្នាំក្រោយការវះកាត់
– ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន កំឡុងពេល និងក្រោយការវះកាត់
៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?
ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា
– ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់
– ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច
– ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់
៤) តើក្រោយការវះកាត់ថ្គាមទាល់ មានផលវិបាកអ្វីខ្លះ?
– ការរលាកឆ្អឹង
– ការហូរឈាម
– ការបង្ករោគ
– ភាពជាំលើសាច់ថ្ពាល់
– ការស្ពឹកតំបន់វះកាត់ និងបបូរមាត់
– ការបែកបាក់ឆ្អឹងថ្គាម
** បញ្ជាក់ៈ ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ ហើយយើងអាចជៀសវាង និងការពារបាន បើយើងធ្វើតាមបច្ចេកទេសត្រឹមត្រូវ។
៥) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?
ជាមួយបច្ចេកទេសរីកចម្រើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (អោយដឹងខ្លួន ឬមិនអោយដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។
«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។»៕