ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៩ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់ របួសធ្ងន់ចំនួន៥នាក់(ស្រី៣នាក់) របួសស្រាលចំនួន៩នាក់(ស្រី៣នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៥លើក។
ជាមួយគ្នានោះ សម្រាប់ថ្ងៃទី២៩ ខែមករាម្សិលមិញនេះដែរ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងដែរថា៖ ចំនួនគោលដៅសរុប ១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៥៩៨គ្រឿង ម៉ូតូចំនួន ៤៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៨៩គ្រឿង មានម៉ូតូចំនួន ២០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕ ដោយ៖សហការី