ភ្នំពេញ៖ តូបលក់ខោអាវចំនួន ២កន្លែង ស្ថិតនៅក្នុងបរិវេណផ្សារសឡា ត្រវបានអគ្គិភ័យបានឆាបឆេះទាំងយប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍បាញ់ពន្លត់។
យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្សារសឡា មួយកន្លែង កាលពីវេលាម៉ោង ២២និង១៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្សារសឡា ផ្លូវសឡា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះសម្ភារៈក្នុងតូបអស់ចំនួន ២តូប និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង ២២និង៤០នាទីនាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប៕ ដោយ៖សហការី