ភ្នំពេញ ៖ បុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់បានបុកជាមួយនឹងម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវឌួងងៀប(សេះស)កែងនឹងផ្លូវប្រឡាយលូ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AO-6546ដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបក្នុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Yamaha សេរ៉ូស ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1HF-5412ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងប្រឡាយលូក្ទងទិសដៅពីកើតទៅលិច ចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូផ្លោងទៅលើចិញ្ចើមផ្លូវបែកបាក់ម៉ូតូជាបំណែករាយប៉ាយខ្ទេចស្ទើរទាំងស្រុងចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ដោយឡែករថយន្តបង្កហេតុបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏បាននាំគ្នាដេញឃាត់ជាប់យកមកកន្លែងកើតហេតុវិញផងដែរ ។
ក្រោយមក ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនិងភ្ញៀវជនបរទេសនៅកន្លែងកើតហេតុ ។ បន្ទាប់មកទៀតទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ