ភ្នំពេញ : ដោយហេតុថាស្ថានភាពសង្គម-សេដ្ឋកិច្ចនៅបន្តទទួលរងនូវហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីការប្រែប្រួលនិន្នាការតំបន់ និងសកល, ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាព សង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ។ ជាក់ស្ដែង, សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងមានសន្ទុះងើបឡើងវិញ លើស្ទើរគ្រប់វិស័យ ទាំងក្នុងវិស័យ កាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម ។ ជាមួយគ្នានេះ, សកម្មភាពអាជីវកម្មក្នុង គោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មាន កំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរជាតិ, ធុរជន និងវិនិយោគិន ។ ទោះជាយ៉ាងនេះក្តី កំណើននៃភ្ញៀវទេសចរអន្តរជាតិអាចនឹងនៅបន្តមានភាពយឺតយ៉ាវក្នុងរយៈពេលខ្លីទៅ មធ្យមខាងមុខ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល ដែលបន្តចោទជាសម្ពាធដល់ វិស័យទេសចរណ៍ក្នុងគោលដៅមួយចំនួន ដែលតែងតែអាស្រ័យលើភ្ញៀវទេសចរអន្តរជាតិ ។
ក្នុងបរិការណ៍នេះ ដោយពិនិត្យលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌ សកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្ត គ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈប្រកបដោយភាពមិន ប្រាកដប្រជានេះ ។ ក្នុងន័យនេះ, ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម ៖…
១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម សណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គ- នាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ ខែ គឺពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៣ ។ អាជីវកម្មទាំងអស់នេះនៅតែមានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃ បន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។
២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិត ការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍ ។
៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសការ ប្រែប្រួលនិន្នាការតំបន់ និង សកលលើសង្គម-សេដ្ឋកិច្ច និងត្រៀមដាក់ចេញនូវវិធានការបន្ថែមទៀត សំដៅ ស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព ថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕
ដោយ : សិលា