ខេត្តក្រចេះ÷អាជ្ញាធរខេត្តក្រចេះបានចេញចំណាត់ការដាក់ឆ្មាំចំនួន ៤៤ នាក់ និងទីតាំងប៉ុស្ដិ៍ចំនួន ១១ កន្លែង តាមដងទន្លេមេគង្គនៅតំបន់អភិរក្សសត្វផ្សោត ដើម្បីការពារជីវិតផ្សោតកុំឱ្យងាប់ផុតពូជ។ យ៉ាងណាក៏ដោយនៅពេលខាងមុខឆ្មាំទន្លេព្យាយាមប្រើកម្លាំងចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីធានាបានសុវត្ថិភាពចំពោះសត្វផ្សោតទាំងនោះថាមិនប្រឈមនឹងហានិភ័យ។
លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះក្នុងសន្និសីទនាទីស្ដីការគណៈរដ្ឋមន្ត្រីថា រដ្ឋបាលខេត្តក្រចេះបានកោះហៅអ្នកពាក់ព័ន្ធមកប្រជុំដោយបានដាក់ចេញវិធានការនិងរៀបចំផែនការយុទ្ធ សាស្ត្រគ្រប់គ្រង និងអភិវឌ្ឍនៅតំបន់អភិរក្សសត្វផ្សោត និងត្រីមេពូជ។ ក្រោយពេលប្រជុំរដ្ឋបាលខេត្តបានចេញសេចក្ដីសម្រេចមួយក្នុងការ រួមចំណែកការពារសត្វផ្សោតកុំឱ្យងាប់តទៅទៀត។
លោក ទ្រី សុភក្ដិថ្លែងថា៖ «ការងាប់ផ្សោតមួយក្បាលបើយើងគិតមិនដល់ទេ ដូចជាត្រីងាប់មួយក្បាលជារឿងធម្មតា ប៉ុន្តែនៅខេត្តក្រចេះ ប្រសិនជាអត់ផ្សោត គឺគេមិនសូវស្គាល់ទេខេត្តនេះទេ»។
នៅលើពិភពលោក សត្វផ្សោតទឹកសាប មានតែនៅប្រទេសកម្ពុជា គឺនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នៅខេត្តក្រចេះ នៅសល់ផ្សោតប្រមាណ ៥០-៥៥ ក្បាល ដែលជាផ្សោតពេញវ័យ(មិនរាប់កូនផ្សោតទេ)ខណៈផ្សោតបានងាប់ចំនួន ២៧ ក្បាលនារយៈពេល ៣ ឆ្នាំចុងក្រោយនេះនៅតំបន់ខេត្តក្រចេះនិងស្ទឹងត្រែង។ ផ្សោតនៅសល់សរុបទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចំនួន ៨៩ ក្បាល។
នៅឆ្នាំ២០២២នេះ មានសត្វផ្សោតងាប់បានកើនឡើងរហូតដល់ទៅ១១ក្បាល(ក្រចេះ៩ក្បាល)។ ការកើនឡើង នៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ បណ្តាលឱ្យសត្វផ្សោតទន្លេ មេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ៕