ភ្នំពេញ៖ ទីតាំងហាងម៉ាស្សាកោសជប់ចំនួន២កន្លែងក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សង្ស័យបង្កប់សេវាកម្មជួញដូរផ្លូវភេទ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិឆ្មក់ចុះបង្រា្កបទាំងយប់។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចហាងម៉ាស្សាកោសជប់ចំនួន២ទីតាំងជាប់គ្នា ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលេីនេះ ដោយមានការចង្អុលបង្ហាញពីលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាកម្លាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្សក្នុងប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់និងជនរងគ្រោះ៨នាក់ ដែលក្នុងចំណោមនោះមាននារី ៣នាក់ សង្ស័យជាអនីតិជន។
ក្រោយប្រតិបត្តិការចប់ កម្លាំងជំនាញបាននាំជនសង្ស័យនិងជនរងគ្រោះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីបន្តនីតិវិធីច្បាប់៕ដោយ៖សហការី