ខេត្តប៉ៃលិន ៖ ដោយសារតែបញ្ហាទីផ្សារនាំផ្លែឈើពីកម្ពុជាទៅថៃតាមច្រកអន្តរជាតិព្រំនៃខេត្តប៉ៃលិនមិនទៀងទាត់ពេល ខ្លះនាំចេញទៅហើយត្រូវឈ្មួញថៃ មិនទទួលយក ដោយមូលហេតុផ្សេងៗ ជាពិសេសផ្លែស្វាយដែលធ្វើឱ្យឈ្មួញខ្មែរ ដឹកចេញមកវិញហើយចាក់ចោលតាមផ្លូវ នាំឱ្យខូចបរិស្ថាន ។
ដើម្បីឱ្យមានសណ្តាប់ធ្នាប់ រដ្ឋបាលស្រុកសាលាក្រៅ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរឃុំស្ទឹងកាច់ អាជ្ញាធរភូមិផ្សារព្រំ និងផ្សារព្រំជើងចុះណែនាំម្ចាស់រថយន្តដឹកទំនិញ(ផ្លែស្វាយ) ចេញចូលច្រកព្រំដែនឱ្យចូលរួមសម្អាតតអនាម័យលើរថយន្ត កុំឱ្យមានសំណល់ស្វាយស្អុយ ឬខូច ក្រដាសសំរាម និងថង់នានាយកទៅបោះចោលឬហុយពាសវាលពាសកាលតាមដងផ្លូវសាធារណៈ ។
បើតាមការឱ្យដឹងពីខាងរថយន្តដឹកផ្លែឈើបានប្រាប់ថា មូលហេតុដែលពួកគេតែងតែយកផ្លែស្វាយចាក់ចោលដោយសារតែផ្លែស្វាយមួយចំនួនដែលយកទៅលក់ឱ្យថៃគេមិនយកដោយឱ្យយកមកកម្ពុជាវិញ ហើយដោយសារតែផ្លូវឆ្ងាយមិនអាចដឹកទៅវិញបាន ក៏ចាក់ចោលតាមផ្លូវតែម្តងទៅ៕ ដោយ,ស សារ៉េត