ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលជាប់និទ្ទេសAនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសុំការយោគយល់ពីលោកគ្រូ អ្នកគ្រូ ចំពោះការលើកពេលប្រលង ព្រោះការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្តេចតេជោបានមានប្រសាសន៍បង្ហាញការពេញចិត្តចំពោះការធ្វើកំណែទម្រង់ប្រលងបាក់ឌុបកន្លងទៅនេះ ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រលង របស់ក្មួយៗចៅៗទាំងអស់គ្នា។ ការធ្វើកំណែទម្រង់ប្រលងបាក់ឌុបរយៈពេលជិត១០ឆ្នាំនេះ ឃើញថាបានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ ហើយបានបង្ហាញអំពីចំណេះដឹងពិតប្រាកដរបស់សិស្សានុសិស្ស។ កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រនៅតាមខេត្តនីមួយៗទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារប្រកបដោយមោទនភាព ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលឪពុកម្ដាយសប្បាយចិត្តគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្សនាពេលកន្លងមក។
សម្តេចតេជោបានមានប្រសាសន៍រំលឹកទៀថា កត្តាសន្តិភាពមិនអាចមើលរំលងបាននោះទេ មានសន្តិភាពទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែចូលរួមរក្សាសន្តិភាពទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសិស្សនិទ្ទេស A ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពីព្រោះចំណេះដឹងរៀនមិនចេះចប់នោះទេ។ នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រគល់ភារកិច្ចជូនអភិបាលរាជធានីភ្នំពេញរកកន្លែង និងរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្តដើម្បីឲ្យពួកគេបានទទួលការសិក្សាអប់រំគ្រប់កម្រិត។ សម្តេចតេជោបានថ្លែងថា កាលពីមុនមានអតុល្យភាពរវាងសេចក្តីត្រូវការ និងការខ្វះសាលា ខ្វះគ្រូបង្រៀន ក៏ប៉ុន្តែបច្ចុប្បន្នអតុល្យភាពត្រូវបានកាត់បន្ថយ សាលាកាន់តែច្រើន បានទៅជិតផ្ទះប្រជាពលរដ្ឋ ដោយក្នុងនោះតាមទីជនបទ ១ឃុំយ៉ាងហោចណាស់មានអនុវិទ្យាល័យ២ ឬ១ សម្រាប់ឱ្យក្មួយៗ ចៅៗ បានសិក្សារៀនសូត្រដោយមិនពិបាកស្វែងរកសាលានៅឆ្ងាយពីផ្ទះឡើយ។
ថ្ងៃនេះ រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសAទាំងអស់ក្នុងម្នាក់ៗទទួលបានដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១។ ចំណែកលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកចូលរួមជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លាន សៀវភៅអប់រំ២ក្បាល និងផ្ដល់ជូនសាលារៀនដែលសិស្សបាននិទ្ទេសAទាំងអស់ជាង៣០០សាលា ក្នុង១សាលាទទួលបានថវិកា៣លានរៀល។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុនសែន ក៏បានជូនពរឲ្យក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ ក៏ដូចជាលោកគ្រូ អ្នកគ្រូអាណាព្យាបាល ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ ដោយ៖ស តារា