ខេត្តបាត់ដំបង៖ ការស្តារឡើងវិញនូវតំបន់ដីសើម ដែលជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងធម្មជាតិ។ នេះជាមតិលើកឡើងរបស់លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លោកស្រី មកពីមន្ទីរ ស្ថាប័នជុំវិញខេត្ត សិស្សានុសិស្ស អង្គការដៃគូ និងអាជ្ញាធរខេត្តជាច្រើនរូបទៀត។
មានប្រសាសន៍នាឱកាសនោះ លោក ស្រ៊ុន ដារិទិ្ធ បានលើកឡើងថា ការបាត់បង់តំបន់ដីសើម តាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព្វ ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។
លោកបន្តទៀតថា ជាក់ស្តែងនាពេលថ្មីៗនេះ តំបន់ដីសើមបឹងទន្លេសាប ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តទាំង៦ រួមទាំងខេត្តបាត់ដំបងយើងនេះផងដែរ បានទទួលរងនូវបញ្ហាដូចបានរៀបរាប់ខាងដើម ជាពិសេសការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។ ដោយមើលឃើញគុណតម្លៃ និងបញ្ហាប្រឈមដែលកំពុងកើតមាន នៅក្នុងតំបន់ដីសើមបឹងទន្លេសាបយើងនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ បានដាក់ចេញនូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការបន្ទាន់ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ដោយបានដកហូតយកមកវិញនូវផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ក្នុងតំបន់៣ កែសម្រួលព្រំប្រទល់តំបន់២ និងស្តារតំបន់ដែលទទួលរង ការទន្រ្ទានទាំងនោះ តាមរយៈការដាំស្តារព្រៃលិចទឹកឡើងវិញ និងថែរក្សាដំណុះព្រៃលិចទឹកថ្មី។
គួរបញ្ជាក់ថា ការប្រារព្ធទិវាតំបន់ដីសើមនាពេលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម៕ ដោយ៖ចន្ទ លីហ្សា