ខេត្តក្រចេះ៖ មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ផងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្ដធុនធំ បុកជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ២១ៈ៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៤០១ -៤០២ ក្រចេះ-ស្ទឹង ត្រែង ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីនគរបាលស្រុកសំបូរបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្ដធុនធំបុកជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នា ដោយភាគីរថយន្តបើកបរពីទិសខាងជើងទៅទិសខាងត្បូង ចំណែកម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងតែម្តង បណ្ដាលឱ្យមនុស្សចំនួន
៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន។
ជនរងគ្រោះដែលបានបាត់បង់ជីវិតខាងលើទី១-ឈ្មោះអេត ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ មិនពាក់មួកសុវត្ថិភាពជាអ្នកបេីកបរមូ៉តូ។ ទី២-ឈ្មោះ ឡុំ ពញ ភេទប្រុស អាយុ១៨ឆ្នាំ អ្នករួមដំណេីរ
មិនពាក់មួកសុវត្ថិភាព និងទី៣-ឈ្មោះ ចិន វុិត ភេទប្រុស អាយុ១៥ឆ្នាំ អ្នករួមដំណេីរ មិនពាក់មួកសុវត្ថិភាព អ្នកទាំងបីបានស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗតែម្តង។ ឯទី៤-ឈ្មោះស្រុីន សៅភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
ជនរងគ្រោះទាំង៤នាក់រស់នៅភូមិ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបន្តទៀតថា ក្រោយពេលកេីតហេតុអ្នកបេីបរថយន្តបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាលេខតាកែវ ៣A.១១៣៦ខូចខាតតិចតួច។
ចំណែកម៉ូតូជនរងគ្រោះ ម៉ាកអុិចសុិនធ័រគ្មានស្លាកលេខខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុកម្លាំងនគរបាលបានចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់
ហេតុព្រមទាំងទាក់ទងទៅដល់សាច់ញាតិជនេងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើដោះស្រាយតាមនីតិវិធីច្បាប់ចរាចណ៍៕
ដោយ៖ ជីវ័ន្ត