ភ្នំពេញៈ ស្រ្តីរកសីុផ្លូវភេទម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីពួកនាងបានប្រើល្បិចលួងលោមបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបឲ្យឡើងលើផ្ទះសំណាក់ ហើយនាងទិញទឹកក្រឡុកដោយដាក់ថ្នាំសណ្ដំចំនួន៦គ្រាប់ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ រួចប្រុងយកម៉ូតូជនរងគ្រោះចេញតែត្រូវម្ចាស់ផ្ទះសំណាក់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ទីតាំងលេខ៤៣បេ៣ តាមបណ្ដោយផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះហែម សុភី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ២៣ ភូមិដំណាក់ធំ២ សង្កាត់-ខណ្ឌមានជ័យ ។ ចំណែកឯនារីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះសេង លីម៉េង អាយុ២៨ឆ្នាំ មុខរបររកសីុផ្លូវភេទ ។ រីឯបក្ខពួកដែលរត់គេចខ្លួនបាត់ឈ្មោះស្រី មុំ ភេទស្រី អាយុ២០ មុខរបររកសីុផ្លូវភេទ អ្នកទាំង២ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យកពីជនសង្ស័យមានៈម៉ូតូមួយគ្រឿងម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX3283 ប្រគល់ឲ្យជនរងគ្រោះវិញ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានជិះម៉ូតូដឹកជនសង្ស័យ២នាក់នៅម្ដុំផ្សារកណ្ដាល យកទៅដេកនៅផ្ទះសំណាក់យីហោពន្លឺពេជ្រ ពេលនោះនារីសង្ស័យទាំង២នាក់ បានប្រើល្បិចទិញទឹកក្រឡុកឲ្យបុរសរគ្រោះផឹក ដោយបានដាក់ថ្នាំចូលចំនួន៦គ្រាប់ ហើយបុរសរងគ្រោះបានផឹកទឹកក្រឡុកនេះរួចក៏សន្លប់ ។ បន្ទាប់ពីបុរសរងគ្រោះសន្លប់ហើយនារីសង្ស័យទាំង២ បានចុះមកក្រោមដើម្បីយកម៉ូូតូតែត្រូវម្ចាស់ផ្ទះមិនឲ្យយកចេញនិងឡើងទៅមើលជរងគ្រោះស្រាប់តែឃើញដេកសន្លប់ រួចហៅម៉ូូតូកង់បីមកមន្ទីរពេទ្យកាល់ម៉ែតជាមួយនិងជនសង្ស័យផងដែរ ។ ក្រោយពេលមកដល់មន្ទីរពេទ្យកាលម៉ែត ភ្លាមនោះនារីសង្ស័យម្នាក់ឈ្មោះស្រី មុំ បានរត់គេចខ្លួនបាត់ នៅសល់តែនារីសង្ស័យឈ្មោះសេង លីម៉េង ត្រូវបានម្ចាស់ផ្ទះសំណាក់និងសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕
ដោយ ស ដារា