ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលកណ្តាលយុត្តិធម៌ ស្រុកបាកាន សហការជាមួយនគរបាលប៉ុសិ៍្តមូលដ្ឋានព័ទចាប់អ្នកញៀនល្បែង៤នាក់ រួមទាំងវត្ថុតាង កាលពីវេលាម៉ោង ១៦ និង១០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងឈាងខាងកើត របស់ផ្ទះឈ្មោះ ឆន ភ័ព ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា ជនញៀនល្បែងទាំង ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទី១-ឈ្មោះ ឆន ភ័ព (ហៅ អាក្របី) ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ទី២-ឈ្មោះ ជន ជៀន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិល្ហុង ឃុំរំលេច ស្រុកបាកាន ទី៣-ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ ៨៣ឆ្នាំ រស់នៅភូមិខ្វាវ ឃុំរំលេច មានមេអាប៉ោងចំនួន ៣គ្រាប់ និងមេខ្លាឃ្លោកចំនួន ៣គ្រាប់នៅនឹងខ្លួន និងទី៤-ឈ្មោះ សេង ញន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន មានមេអាប៉ោងចំនួន ២គ្រាប់នៅនឹងខ្លួន ។ លោកវរសេនីយ៍ត្រីបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបអ្នកញៀនល្បែងអាប៉ោង ឈានដល់ឃាត់ខ្លួន ៤នាក់ខាងលើនេះ កម្លាំងបានដកហូតវត្ថុតាង មេអាប៉ោងចំនួន៥គ្រាប់, ចានអាប៉ោង ១, ផ្តិល ១, កំរាលភ្នែកអាប៉ោង ១ផ្ទាំង, មេខ្លាឃ្លោកចំនួន ៣គ្រាប់ ស្បែកជើងចំនួន ៥គូ, កំរាលក្រណាត់ចំនួន ១ផ្ទាំង, កាបូបស្ពាយ១ ។
លោក នាង វុធ បន្តទៀតថា ការឃាត់ខ្លួនជនញៀនល្បែងទាំង៤នាក់ខាងលើ ធ្វើឡើងជាញឹកញាប់ ពិសេសឈ្មោះ ឆន ភ័ព (ហៅ អាក្របី) បានអប់រំច្រើនលើកច្រើនសារមិនរាងចាលសោះ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន កំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនខ្លួនពួកគេរួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕
ដោយ៖ ប៉ឹម ពិន