ខេត្តបាត់ដំបង៖ យុវជនចិត្តសឿងម្នាក់ មិនដឹងថាខ្លួនមានវិបត្តិឬបញ្ហាអ្វីនោះទេ បានហ៊ានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងនៅលើអូប័រ១គ្រឿង បណ្តាលឱ្យស្លាប់ នៅត្រង់ចំណុចក្នុងបរិវេណវិមានរំលឹកគុណវីរយុទ្ធជនពលី ស្ថិតក្នុងក្រុមទី៧ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញនេះ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី បានដឹកកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុទើបប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកស្រះ ។
ជនរងគ្រោះឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបញ្ជាក់របស់សាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះមកស្នាក់នៅ (មកលេង) ផ្ទះរបស់ឈ្មោះ ឌុល បាន ភេទប្រុស អាយុ៥១ឆ្នាំ ដែលនៅសម្អាតក្នុងបរិវេណវិមានរំលឹកគុណវិរៈយុទ្ធជនពលី ។
គួរបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯង ។ បន្ទាប់មកបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សហការី