ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខា ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សហការស្រាវជ្រាវរហូតបំបែកសម្បុកក្រុមចោរលួចចោរប្លន់ និងអ្នកទទួលផលចំនួន៣នាក់ រួមទាំងដកហូតវត្ថុតាងម៉ូតូចំនួន៨គ្រឿង ដើម្បីបន្តនីតិវិធី ។
លោក ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលៈ កម្លាំងសហការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទលួចមានស្ថានទម្ងន់(ប្លន់)ចំនួន២នាក់ ទី-១ ឈ្មោះ ខាន់ រ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិថ្នល់ថ្មី ឃុំវិហ៊ាលួង ក្រុង.ខេត្តត្បូងឃ្មុំ ទី-២ ឈ្មោះ សុទ្ធ ហៀង ភេទប្រុស អាយុ ៣២ឆ្នាំង ជនជាតិខ្មែរ រស់នៅភូមិផ្លូវមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក ស្នងការរងបន្តទៀតថា ក្នុងនោះកម្លាំងស្រាវជ្រាវរកឃើញអ្នកទទួលផលចោរកម្មបន្ថែមទៀតឈ្មោះ មៀច ហ៊ន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្ណោះអាសន្ន(តូបជួល)ស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ និងឈ្មោះ យ៉ាន សុខឃន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតវត្ថុតាងម៉ូតូម៉ាក វ៉េវ និងហុងដាឌ្រីម ចំនួន៨គ្រឿងផងដែរ ។
លោក បញ្ជាក់ទៀតថា វត្ថុតាង(ម៉ូតូ)ដកហូត ទី-១ ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H 3765 ទី-២ ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ បញ្ជាម៉ូតសេរីឆ្នាំ២០១៦ ជនសង្ស័យទទួលផល(មៀច ហ៊ន)បានលក់ឲ្យប្អូនប្រុសឈ្មោះ មៀច ឆៃ ក្នុងតំលៃចំនួន៣០០ដុល្លារអាមេរិច ប៉ុន្តែឈ្មោះ មៀច ឆៃ ត្រូវជាប្អូនប្រុស(អ្នកទិញ)យកទៅជិះបានដួល(មៀច ឆៃ)ក្ដៅចិត្តក៍ដុតកម្ទេចចោលបង្ហើយ ។ ក្នុងនោះឈ្មោះ មៀច ហ៊ន បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញម៉ូតូពីឈ្មោះ ខាន់ រ៉ា និងឈ្មោះ សុទ្ធ ហៀង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ដែលពួកគេធ្វើសកម្មភាពបានពីខេត្តបាត់ដំបង ប៉ុន្តែខ្លួនបានលក់ឲ្យគេបន្តហើយ និង១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ដែលគាត់ធ្វើសកម្មភាពបានពីខេត្តព្រៃវែង ក៍លក់ឲ្យគេបន្តដែរ(អ្នកទិញបានប្រគល់ជូនសមត្ថកិច្ចហើយ)ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ គាត់ធ្វើសកម្មភាពបានមកពីឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍លក់ឲ្យបន្តដែរ(អ្នកទិញប្រគល់ជូនសមត្ថកិច្ច)និងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ដែលខ្លូនលក់ឲ្យប្អូនប្រុស(មៀច ឆៃ)ដែលបានដុតចោលនោះ ពួកគាត់ធ្វើសកម្មភាពបានពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង២គ្រឿងទៀតម៉ាក ហុងដាវ៉េវ ពណ៏ខ្មៅ និងពណ៏ខៀវ ដែលឈ្មោះ(ខាន់ រ៉ា និងសុទ្ធ ហៀង)ធ្វើសកម្មភាពបានមកពីខេត្តព្រៃវែង ខ្លួនបានលក់បន្តទៀត(អ្នកទិញប្រគល់ជូនសមត្ថកិច្វ) ជាបន្តមុខសញ្ញា(ខាន់ រ៉ា)បានជិះដើរលក់ផ្ទាល់ខ្លួនចំនួន២គ្រឿងថែមទៀត ដោយ១គ្រឿងលក់នៅក្រុងពោធិ៍សាត់(ប្រគល់ជូនសមត្ថកិច្ច)និង១គ្រឿងទៀតនៅខេត្តស្ទឹងត្រែង ។
លោក បញ្ជាក់បន្ថែមទៀតថា ជនសង្ស័យលួចមានទម្ងន់(ប្លន់)និងទទួលផលចោរកម្ម រួមទាំងវត្ថុតាងម៉ូតូម៉ាក វ៉េវ ចំនួន២គ្រឿង ម៉ាក ហុងដាឌ្រីម ចំនួន៤គ្រឿង សរុប ចំនួន៦គ្រឿង បានប្រគល់ទទួលជនសមត្ថកិច្ចខេត្តកំពង់ឆ្នាំ ដើម្បីបន្តនីតិវិធី ព្រោះសកម្មភាពពាក់ព័ន្ធដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំ ចំណែកវត្ថុតាងម៉ូតូចំនួន០២គ្រឿងនៅនឹងដែនសមត្ថកិច្ចខេត្តពោធិ៍សាត់ និងកំពុងបន្តនីតិវិធីដូចគ្នា ៕ ដោយៈ ប៉ឹម ពិន