ភ្នំពេញ៖ យ៉ាងហោចណាស់មានព្រឹទ្ធាចារ្យ ៩រូប មានជំនាញច្បាស់លាស់ផ្នែកសិល្បៈបុរាណរៀងៗខ្លួនដែលខ្លះចូលដល់វ័យជរាទៅហើយនោះនិង នៅមានសមត្ថភាពផ្ដល់ចំណេះដឹងដល់យុវជនជំនាន់ក្រោយ និងនៅអាចបញ្ចេញស្នាដៃឲ្យមហាជនបានទស្សនាថែមទៀតផងនោះ ត្រូវបានអង្គព្រះមហាក្សត្រ ផ្ដល់គោរមងាថ្នាក់ជាតិជូន។ តាមយរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ចេញសារអបអរសាទរ ព្រឹទ្ធាចារ្យចំនួន៩រូប ដែលទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ដល់គោរមងាថ្នាក់ជាតិជូនព្រឹទ្ធាចារ្យចំនួន ៩រូប។ សម្ដេចតេជោ ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្ដព្រះរាជក្រឹត្យនេះឲ្យបានសម្រេច ក្រោយពីបានផ្ដល់គោរមងារដ៏ថ្លៃថ្លានេះ។ព្រឹទ្ធាចារ្យ ៩រូប នោះមានដូចជា៖ ទី១/គរុនាដកា គិន យិន ជំនាញល្ខោនបុរាណវត្ដគៀនស្វាយក្រៅ។ទី២/ទេពហត្ថកោសល្យ ជា យុទ្ធា មានជំនាញចម្លាក់ប្រាក់។ទី៣/ចម្មកាភិរក្ស ជៀន សុផាន ជំនាញល្ខោនស្រមោលស្បែកធំ។ទី៤/ពិភក្ដិតន្ដី ញុច ហឿន ជំនាញតន្ដ្រីជនជាតិដើមភាគតិច។ទី៥/នាដកីនិម្មិត ណាន សាម័យ របាំជនជាតិដើមភាគតិច។ទី៦/បោរាណាចារ្យ ប៊ិន វិន មានជំនាញអាចារ្យពិធីចូលម្លប់។ទី៧/ទេពសោភ័ណ ម៉ក់ ជាង មានជំនាញតម្បាញហូលពិតាន។ទី៨/ទេពវោហារ ឯល ពេជ មានជំនាញចាប៉ីដងវែង និង៩/ មហានាដគរុវិជ្ជា អ៊ឹម ស្រួន មានជំនាញល្ខោនខោលវត្ដស្វាយអណ្ដែត។
លេចចេញសារអបអរសាទរ និងថ្លែងក្តីគោរពជាច្រើនបន្តបន្ទាប់ អមដោយការចែករំលែកជាច្រើនពីអ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញដំណឹងល្អមួយនេះ ហើយគេក៏រំពឹងដែរថានឹងមានព្រឹទ្ធាចារ្យមួយចំនួនទៀតដែលបានលះបង់ស្ទើមួយជីវិតដើម្បីសិល្បៈវប្បធម៌ ក៏នឹងត្រូវទទួលបានគោរមងាថ្នាក់ជាតិជូន ដើម្បីជាការសងត្រឡប់ទៅកាន់ពួគគាត់វិញផងដែរ៕
ដោយ៖ វឌ្ឍនា