ភ្នំពេញ : នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះសៀវភៅមរណទុក្ខនៅស្ថានទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះប្រជាជនតួកគីរាប់ម៉ឺននាក់ ដែលបានទទួលមរណភាព និងចូលរួមរំលែកទុក្ខជាមួយអ្នករងរបួសនិងរងគ្រោះដោយករណីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានកើតឡើងនៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ២១,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី ៕