ខេត្តកណ្តាល៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ម្នាក់ទៀតរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ២១A កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សុទ្ធ នោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិរាមអណ្ដើក ឃុំរាមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1H-7069 ។ ចំណែកឯជនរងគ្រោះរងរបួសបាកជើងឈ្មោះ រិន រាជ្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម បើកបរម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុជនរងគ្រោះបានបន្ថែមល្បឿនឡើងជែងម៉ូតូមួយគ្រឿងនៅខាងមុខ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកជាមួយម៉ូតូបើកច្រាស់ទិសគ្នាពេញមួយទំហឹង ដួលបោកទៅលើផ្លូវជាតិធ្វើឲ្យភាគីម្ខាងស្លាប់បាត់បង់ជីវិត ម្ខាងទៀតរងរបួធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានបញ្ជាក់ថា ករណីក្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូហុងដាឌ្រីមឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់បណ្តាលឲ្យជ្រុលទៅបុកម៉ូតូនិចដែលបើកបរច្រាស់ទិសគ្នាយ៉ាងដូច្នេះ ៕
ដោយ៖ ស្អាងជ័យ