ខេត្តសៀមរាប៖ ព្រៃលិចទឹកជិត១០០ហិចតានេះស្ថិតនៅក្នុងភូមិសាស្ត្រតំបន់មេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវបានត្រូវបានភ្លើងកំពុងឆាបឆេះស្ទើរទាំងស្រុងដោយសារក្រុមពួកជនខិលខួចលបលួចដុតយកដីធ្វើស្រែចំការ ។
អគ្គិភ័យនេះចាប់ផ្ដើមតាំងពីថ្ងៃទី៨ ដល់រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយមាត់បឹងទន្លេសាប ហើយភ្លើងនៅមិនទាន់រលត់ទាំងស្រុងនោះទេ ស្របពេលដែលសមត្ថកិច្ចពាក់ព័ន្ធមិនរវល់និងការបាត់បង់ព្រៃលិចទឹកនោះ ។ ប៉ុន្ដែមន្ដ្រីនគរបាលស្រុកពួកបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៩ មិថុនា ថា ការឆេះព្រៃលិចទឹកនេះគឺឆេះនៅតំបន់ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់នឹងខេត្តសៀមរាប គឺមិនស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាបឡើយ ។
ទោះជាយ៉ាងណតាមការចុះផ្តិតរូបភាពដល់កន្លែងកើតហេតុគឺអគ្គិភ័យបំផ្លាញព្រៃលិចទឹកនេះស្ថិតនៅចំណុចទំនប់មេជ្រៃ ស្ថិតក្នុងស្រុកពួក ខេត្ដសៀមរាប ។ ពលរដ្ឋបានឲ្យដឹងថា ភ្លើងដែលកំពុងឆេះព្រៃរនាមនេះ អស់ប្រហែលជិត១០០ហិចតា គឺមិនមែនឆេះដោយឯកឯងឡើយ ដោយមានគេលួចដុតដើមី្បយកដីធ្វើស្រែចំការ ហើយពួកគាត់ក៏គ្មានសិទ្ធិអ្វីទៅឃាត់ពួកគេបានដែរ គឺបានត្រឹមតែមានការសោកស្តាយនូវធនធានធម្មជាតិ ដែលនៅរដូវទឹកឡើងមកដលពួកមច្ឆាជាតិ ពងកូន និងរកចំណី។ ម៉្យាងទៀតការដុតបំផ្លាញព្រៃនេះ ក៏មានក្រុមខិលខួចមួយចំនួន បានកាប់ព្រៃដុតធ្វើប្រឡាយក្នុងការងាយស្រួលសម្រាប់ការដាក់នូវឧបករណ៍បរ លូស្បៃមុង នៅក្នុងរដូវវស្សា ដែលជាឧបករណ៍ល្មើសច្បាប់នេសាទ ដែលត្រូវបានហាមឃាត់ទៀតផង ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះដែលសុំមិនឲ្យបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ភ្លើងដែលកំពុងឆេះព្រៃនេះ គឺស្ថិតនៅតំបន់គោកសួស រាំងស្រោង ខាងត្បូងមេជ្រៃ ស្ថិតនៅក្នុងឃុំកែវពណ៌ ក្នុងស្រុកពួក ខេត្តសៀមរាប តែពុំមានអ្នកណាម្នាក់ចូលទៅពន្លត់បានឡើយ ពីព្រោះមានម្ចាស់គ្រប់គ្រង។ អ្នកភូមិបន្ថែមថា មកដល់ថ្ងៃទី៩ ខែមិថុនា នៅពុំទាន់ឃើញកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរណាចុះទៅធ្វើការជួយអន្តរាគមន៍ពន្លត់នៅឡើយ គឺបានបណ្តោយឲ្យភ្លើងឆេះទៅតាមអំពើចិត្ត ៕
ដោយ៖ ជានិរន្ដរ៍