ភ្នំពេញ៖ មនុស្ស ០២នាក់បានស្លាប់ និង៧នាក់ទៀតបានរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈយានយន្តល្មើសចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក ក្នុងនោះ មនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល៣នាក់ ។
ជាមួយគ្នានោះ នៅថ្ងៃដដែលនេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៩៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៦៨គ្រឿង ម៉ូតូ ៣៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤២គ្រឿង មានម៉ូតូចំនួន ១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ស តារា