ខេត្តព្រះសីហនុ៖ ក្រុមមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ចំនួន១៦នាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជាបន្ដបន្ទាប់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទើបទទួលបាននៅព្រឹកថ្ងៃអង្គារទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រហូតចាប់បានជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប១៨ដង ។
វត្ថុតាងចាប់យករួមមានបាន ៖
-ម៉ូតូចំនួន ៩គ្រឿង
-ទូរស័ព្ទដៃចំនួន ១០គ្រឿង
-មួកសុវត្ថិភាពចំនួន ០៨
-ពូថៅ ១ដើម
-កាំបិតបុ័ង ១ដើម
-ស្លាកលេខម៉ូតូ ១ផ្ទាំង ។
មានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម ។ សម្ភារវត្ថុតាងចាប់យកបានទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម) ។
បច្ចុប្បន្នករណីនេះ នៅព្រឹកថ្ងៃអង្គារទី១៤ ខែកុម្ភៈនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕ ដោយ៖សហការី