សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់បានបាត់បង់ជីវិត និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើ់ងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋ Michigan State University ដែលស្ថិតក្នុងទីក្រុង East Lansing នៃរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិក។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី ១៣ខែកុម្ភៈ ពេលវេលានៅតំបន់ភាគខាងកើតអាមេរិក។ បើតាមប៉ូលិសអាមេរិកបានបញ្ជាក់ថា ពួកគេបានរកឃើញមានជនរងគ្រោះនៅទីតាំងទាំង២កន្លែង ដែលផ្ទុះស្នូរគ្រាប់កាំភ្លើង។ ជនរងគ្រោះយ៉ាងហោចណាស់ក៏៥នាក់ដែរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយក្នុងនោះមានអ្នកខ្លះស្ថិតក្រោមស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ក្រោយមក ខាងប៉ូលិសបានឱ្យដឹងបន្ថែមថា ក៏មានមនុស្សយ៉ាងហោចណាស់៣នាក់ទៀតត្រូវបានសម្លាប់ផងដែរ។ ដោយឡែក ជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើងត្រូវបានប៉ូលិសរកឃើញស្លាប់ក្រោយបាញ់សម្លាប់ខ្លួនឯង។ សរុបចំនួនអ្នកស្លាប់គឺ ៤នាក់ នៅក្នុងហេតុការណ៍នេះ។
អំពើហិង្សាដោយកាំភ្លើងខាងលើបានកើតឡើងនៅរយៈពេលប្រហែលជា១៤ខែ ក្រោយករណីបាញ់ប្រហារកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯសាលាវិទ្យាល័យ Oxford High School ក្នុងតំបន់ Oakland County នៃរដ្ឋមីឈីហ្គែន ដែលស្ថិតនៅចម្ងាយជិត១៣០គីឡូម៉ែត្រពីទីក្រុង East Lansing។ ក្នុងហេតុការណ៍នោះ សិស្សអាយុ១៥ឆ្នាំម្នាក់បានប្រើកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ ដែលបានផ្តាច់ជីវិតមិត្តរួមថ្នាក់៤នាក់ និងបង្កឱ្យរបួសសិស្ស៦នាក់ផ្សេងទៀត រួមទាំងគ្រូបង្រៀនម្នាក់៕ ដោយធីរីណា
រូបថត : USA Today