ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចថា៖ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារ
ធ្វើដោយកំហុសមេដឹកនាំ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។
សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។
ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ
ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕ដោយ៖ស តារា