ភ្នំពេញ៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវចំនួន ៤១ បានបង្ហាញឆន្ទៈនៅក្នុងការធ្វើកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្មដើម្បីអាចធានាបានប្រភេទស្រូវតាមការចង់បាន និងមានប្រភពនៃការដាំដុះច្បាស់លាស់ ខណៈអ្នកជំនាញក្នុងវិស័យស្រូវអង្ករអះអាងថា កិច្ចសន្យាកសិកម្មគឺជាចំណែកមួយក្នុងការលើកកម្ពស់សមត្ថភាពនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ បានថ្លែងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីនេះថា បច្ចុប្បន្នក្រុមការងារនៃក្រសួងកសិកម្ម កំពុងចុះស្រង់ចំនួនឱ្យបានច្បាស់នៃសហគមន៍ដែលមានការផលិតពូជស្រូវ ខណៈក្នុងអំឡុងពេលចុះបេសកកម្មតាមបណ្ដាខេត្តនាពេលប៉ុន្មានខែមកនេះ គឺមានរោងម៉ាស៊ីនកិនស្រូវ ៤១ កន្លែងបានចង់ធ្វើកិច្ចសន្យាជាមួយកសិករដើម្បីទិញស្រូវក្នុងតម្លៃសមរម្យ និងមានប្រភពពូជច្បាស់លាស់។
លោក យ៉ង សាំងកុមារ បានថ្លែងគូសបញ្ជាក់ថា៖ «ការកសាងប្រព័ន្ធផលិត និងបែងចែកពូជស្រូវកំពុងធ្វើដំណើរទៅមុខដើម្បីធានាចំពោះអ្នកផលិតពូជស្រូវល្អ មានទីផ្សារសម្រាប់លក់ពូជ របស់កសិករ ដែលជាផ្នែកសំខាន់នៃប្រព័ន្ធចង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករ»។
ដោយឡែកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុខឃាំង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរថា កិច្ចសន្យាកសិកម្ម គឺជាយន្តការដ៏ល្អដែលនឹងផ្តល់ផលវិជ្ជមានទៅគូភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាកសិករអ្នកបង្កបង្កើនផល និងម្ចាស់រោងម៉ាស៊ីន ឬអ្នកកែច្នៃ/នាំចេញអង្ករ។ កិច្ចសន្យាកសិកម្មអាចជួយឱ្យអ្នកប្រមូលទិញ ឬរោងម៉ាស៊ីនកិនស្រូវ/កែច្នៃ ទទួលបានប្រភេទស្រូវដែលមានពូជសុទ្ធល្អ មានប្រភពដាំដុះច្បាស់លាស់ ខណៈកសិករនឹងទទួលបាននូវការធានាទីផ្សារ ទទួលបានតម្លៃសមរម្យ និងអាចមានការជួយគាំទ្របច្ចេកទេស និងពូជមួយចំនួនផងដែរ។
បន្ថែមពីលើនេះ លោក ចាន់ សុខឃាំង បន្តថា ភាគីក្នុងកិច្ចសន្យាកសិកម្មក៏អាចកំណត់រួមគ្នាអំពីពូជ និងបរិមាណផលិតតាមការបញ្ជាទិញផងដែរ។ ទោះយ៉ាងណាការធ្វើកិច្ចសន្យារវាងសហគមន៍ដាំដុះស្រូវ និងអ្នកកែច្នៃនៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺមិនទាន់មានច្រើនទេ។
លោកប្រធានសហព័ន្ធស្រូវ បានបញ្ជាក់ថា៖ «យន្តការការធ្វើកិច្ចសន្យាកសិកម្ម គឺជាផ្នែកមួយរួមចំណែកជំរុញចក្ខុវិស័យការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិឱ្យឆាប់បានទទួលជោគជ័យ ព្រោះតាមរយៈកិច្ចសន្យាកសិកម្ម គឺអាចជួយឱ្យរោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញនីមួយៗ អាចមានស្តុកអង្ករសម្រាប់នាំចេញគ្រប់គ្រាន់ ខណៈអង្ករទាំងអស់នោះសុទ្ធតែមានប្រភពច្បាស់លាស់ និងមានគុណភាពតាមការចង់បានរបស់អ្នកបញ្ជាទិញ»។
លោក ចាន់ សុខឃាំង បានថ្លែងថា៖ «នៅពេលយើងមានព័ត៌មានពីប្រភេទអង្ករ និងការធានាគុណភាពច្បាស់លាស់ វាក៏បង្កភាពងាយស្រួលសម្រាប់ការផ្សព្វផ្សាយទៅលើទីផ្សារអន្តរជាតិផងដែរ»។ លោក បន្ថែមថា ទោះជាយ៉ាងណា កិច្ចសន្យាកសិកម្មក៏អាចធ្វើឱ្យមានបញ្ហាដល់រោងម៉ាស៊ីនកិនស្រូវមួយចំនួនផងដែរ ទាក់ទងនឹងការបញ្ជាទិញបន្តមានការប្រែប្រួល។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន ៤៥ ប៉ុណ្ណោះ ដែលកំពុងមានភាពសកម្មខ្លាំងក្នុងការធ្វើកិច្ចសន្យាកសិកម្មជាមួយសហគមន៍ដាំដុះស្រូវ។ ទោះយ៉ាងណា សហព័ន្ធស្រូវអង្ករកំពុងខិតខំជំរុញឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវនានាបង្កើនការចូលរួមក្នុងការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «តាមរយៈការសម្របសម្រួលរបស់សហព័ន្ធ គឺបច្ចុប្បន្នមានរោងម៉ាស៊ីនកិនស្រូវប្រមាណ ៤០ ដែលបានចុះហត្ថលេខា និងត្រៀមចុះកិច្ចសន្យាកសិកម្មជាមួយសហគមន៍ដាំដុះស្រូវ ដើម្បីសាកល្បងប្រមូលទិញស្រូវដែលមានបរិមាណជាង ១០ ម៉ឺនតោន»។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆ្នាំ២០២៣នេះបានដាក់គោលដៅដើម្បីធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យបាន ៧៥ ម៉ឺនតោន និង ១ លានតោនក្នុងឆ្នាំ ២០២៥ ខណៈកាលពីឆ្នាំ ២០២២ កន្លងមក ការនាំចេញអង្ករសម្រេចបាន ៦៣៧ ០០៤ តោន៕ ដោយ៖សហការី