ជាង១០ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានបណ្តាលឱ្យមានគ្រោះមហន្តរាយដ៏សាហាវនៅក្នុងប្រទេសទួរគី និងស៊ីរី រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកំពុងងាកទៅរកកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញបន្តិចម្តងៗ ស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលវិបាកនិងការផ្តល់ជំនួយមនុស្សធម៌។
ការរញ្ជួយដីនេះត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រទេសទួរគីក្នុងរយៈពេលជិតមួយសតវត្ស ដោយបានបំផ្លាញអគាររាប់ម៉ឺនខ្នង បង្កើតជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ដែលមិនធ្លាប់មានពីមុនមក។ ខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកនៅក្នុងទីតាំងមួយចំនួន ហើយឧបករណ៍ជីកកកាយត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតកម្ទេចថ្ម ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងក្លាយជាការអស់សង្ឃឹមសម្រាប់មនុស្សជាច្រើន។
មន្ត្រីទួរគីបានប៉ាន់ប្រមាណថាការខូចខាតដំបូងពីការរញ្ជួយដីមានដល់ទៅ ៥0 ពាន់លានដុល្លារ។
ឥទ្ធិពលនៃការរញ្ជួយដីបានរាលដាលលើផ្ទៃដី ៣០០ គីឡូម៉ែត្រ ដូច្នេះការស្ថាបនាឡើងវិញអាចចំណាយប្រាក់រាប់សិបឬរាប់រយពាន់លានដុល្លារ។ ភាពលំបាកបានប្រមូលផ្តុំនៅពេលដែលគ្រោះមហន្តរាយបានកើតឡើងខណៈដែលប្រទេសទួរគីកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្តេជ្ញាថានឹងពន្លឿនការយកចេញនូវកម្ទេចកម្ទីដោយសន្យាថានឹងសាងសង់ផ្ទះថ្មីសម្រាប់អ្នករស់រានមានជីវិត ពីការរញ្ជួយដីទាំងអស់ក្នុងរយៈពេលមួយឆ្នាំ។
នៅក្នុងប្រទេសស៊ីរី ដែលបានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិលនិងការហ៊ុមព័ទ្ធជាច្រើនឆ្នាំ កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញហាក់ដូចជាមានភាពស្មុគស្មាញជាង។ យោងតាមលោកស្រី Caroline Holt នាយកផ្នែកគ្រោះមហន្តរាយ អាកាសធាតុ និងវិបត្តិសម្រាប់ចលនាអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ប្រទេសស៊ីរីកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ។
“មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិទើបតែបានអំពាវនាវឱ្យមានការបរិច្ចាគចំនួន ២៤ លានដុល្លារដល់ប្រទេសស៊ីរី។ យើងសង្ឃឹមថាវានឹងនាំមកនូវការគាំទ្រយ៉ាងច្រើន ទាំងមនុស្ស និងសម្ភារៈ។ យើងត្រៀមខ្លួនជាស្រេចជាមួយដៃគូរបស់យើង ដើម្បីផ្តល់សេវាកម្មសំខាន់ៗដល់សហគមន៍ និងបុគ្គលដែលងាយរងគ្រោះ។ យើងកំពុងធ្វើការជាមួយសមាជិកដទៃទៀតនៃគ្រួសារអង្គការសហប្រជាជាតិ ដូចជា UNICEF, WHO, និង UNHCR ដោយផ្តោតជាពិសេសលើបញ្ហាសំខាន់ៗទាក់ទងនឹងទីជម្រក ទឹក និងអនាម័យ៕ ដោយធីរីណា
រូបថត : Reuters